ក្រុមអ្នកប្រជាធិបតេយ្យមកពីគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយកាលថ្ងៃចន្ទ (១៤ កក្កដា) ថា ប្រទេសចិន កំពុងបង្កើនការទូតរបស់ខ្លួននៅទូទាំងពិភពលោក ក្នុងពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមេរិក ចេញពីវត្តមានអន្តរជាតិដោយការកាត់ជំនួយ និងដកបុគ្គលិកពីគ្រប់ទិសទី។

របាយការណ៍នេះជាលទ្ធផលនៃការធ្វើដំណើរ និងការស្រាវជ្រាវជាច្រើនខែជុំវិញពិភពលោករបស់បុគ្គលិក ខណៈរដ្ឋបាលលោក Trump កាត់បន្ថយមុខងារយ៉ាងខ្លាំងក្នុងក្រសួងការបរទេស រួមទាំងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលលោកបណ្តេញបុគ្គលិកដែលមានមូលដ្ឋាននៅអាមេរិកជាង ១.៣៥០នាក់ ជាផ្នែកមួយនៃការកាត់បន្ថយសរុបជិត ៣.០០០នាក់ សម្រាប់កម្លាំងការងារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
រដ្ឋបាលក៏កាត់ជំនួយបរទេសរាប់ពាន់លានដុល្លារផងដែរ ដោយបានបិទយ៉ាងមានប្រសិទ្ធភាពនូវទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដែលផ្តល់មូលនិធិភាគច្រើនដល់ជំនួយមនុស្សធម៌ និងការអភិវឌ្ឍរបស់អាមេរិក ទូទាំងពិភពលោក។ ការណ៍នេះនាំឱ្យមានការបណ្តេញបុគ្គលិក និងអ្នកម៉ៅការរាប់ពាន់នាក់ និងកាត់បន្ថយកម្មវិធីជំនួយជាង ៨០% ។
ក្រុមអ្នករិះគន់ព្រមានថា ការកាត់បន្ថយបែបនេះនឹងធ្វើឱ្យខូចសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍អាមេរិក នៅបរទេស ជាពិសេសផ្នែកការទូត នៅក្នុងអ្វីដែលក្រុមអ្នកស្រាវជ្រាវនិយាយថា ជាឱកាសសម្រាប់ចិន ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន។ របាយការណ៍បានរាយបញ្ជីរាប់សិបករណី ដែលបង្ហាញថា ចិនបានឈានជើងចូល ខណៈអាមេរិកលុបបំបាត់ ឬកាត់បន្ថយកម្មវិធីអន្តរជាតិ ដូចជាការផ្តល់មូលនិធិវ៉ាក់សាំង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម៕

