សៀមរាប៖ រដ្ឋបាលខេត្ដសៀមរាប បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើយុទ្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើកទី៣ “ដូសជម្រុញ” ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដនេះនៅសប្ដាហ៍ក្រោយ គឺចាប់ពីថ្ងៃទី ១០ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី៥ខែមករានេះថា ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩លើកទី៣ ឬហៅថា ដូសជម្រុញនេះ គឺពួកគាត់ដែលមានអាយុ១៨ឆ្នាំ ឡើងទៅ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងទី២រួចរាល់កាលខែសីហាឆ្នាំ២០២១កន្លងមក ។
លោកបានបញ្ជាក់ថា ជាប្រភេទវ៉ាក់សាំង ដែលចាក់ជាដូសជម្រុញនោះគឺជាប្រភេទវ៉ាក់សាំងប្រភេទអស្ដ្រាហ្សេនីកា។ លោក បន្ដថា យុទ្ធនាការវ៉ាក់សាំងដូសជម្រុញនេះ ធ្វើឡើងនៅទូទំាងបណ្ដាស្រុកក្រុងទាំង១២ នៃខេត្ដសៀមរាប ពោលធ្វើឡើងថា ទីតាំងដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២កន្លងមក។
លោកបន្ដថា ប្រជាពលរដ្ឋដែលត្រូវបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣មានប្រមាណ៥០ម៉ឺនាក់ ។លោក បន្ថែមថា ដោយឡែកប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ អាចទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ៕




