ស្វាយរៀង ៖ ទីតាំងចាក់សំរាមមួយកន្លែងស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលក្រុងចុះទៅបាញ់ទឹកពន្លត់ បញ្ជៀសភ្លើងឆាបឆេះបង្កផ្សែង និងក្លិនប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វនៅក្នុងតំបន់ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋបានរួមគ្នាធ្វើការតវ៉ាដល់សាលាសង្កាត់ និងសាលាក្រុង ដើម្បីចាត់វិធានការដល់ម្ចាស់ទីតាំងបញ្ឈប់ចាក់សម្រាប់នៅទីតាំងខាងលើ ។
លោក ជួន រិទ្ធី អភិបាលក្រុងស្វាយរៀង បានប្រាប់ទូរទស្សន៍BTVឲ្យដឹងថា ទីតាំងដែលក្រុងបានចុះទៅបាញ់ទឹកពន្លត់នេះ គឺជាទីតាំងចាស់ ដែលរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់ទីតាំងឱ្យបញ្ឈប់ការចាក់សំរាមតាំងពីចុងឆ្នាំ២០២៤ មកម៉្លេះ តាមរយៈការជូនដំណឹងជាលាយលក្ខអក្សរ និងតាមការណែនាំផ្ទាល់របស់លោកអភិបាលរងខេត្ត និងមន្ទីរជំនាញ រដ្ឋបាលក្រុងជាបន្តបន្ទាប់ តែម្ចាស់ទីតាំងនៅតែឃុបឃិតឲ្យរថយន្តដឹកសំរាមមកចាក់ធ្វើឲ្យអ្នករស់នៅក្នុងតំបន់រងប៉ះពាល់សុខភាព នៅចំពោះមុខភ្លើងផ្សែងនិងក្លិន រដ្ឋបាលក្រុងបាន ពន្លត់ភ្លើងជាមុនៗនិងមានវិធានការចំពោះម្ចាស់ទីតាំងបន្ត ដើម្បីបញ្ជៀសក្លិន និងផ្សែង។
ទាក់ទងទៅនឹងពលរដ្ឋមានប្រតិកម្មចំពោះម្ចាស់ទីតាំងចាក់សំរាម បង្កឲ្យមានក្លិនអាសោចប៉ះពាល់ដល់សុខភាពមនុស្សសត្វ btv បានព្យាយាមសាកសួរទៅម្ចាស់ទីតាំងតាមរយៈទូរសព្ទម្ដងជាពីរដងដែរ តែទូរសព្ទហៅចូលគ្មានអ្នកលើក ។ ជុំវិញបញ្ហានេះដែរអាជ្ញាធរបានបញ្ជាក់បន្ថែមថាបើទោះជាម្ចាស់ទីតាំងមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏នៅថ្ងៃខាងមុខរដ្ឋបាលក្រុង និងព្យាយាមឲ្យម្ចាស់ទីតាំងធ្វើការឈូសឆាយដឹកអាចម៍ដីចាក់លុបដើម្បីបញ្ជៀសក្លិនតាមការទាមទាររបស់ពលរដ្ឋដែរ៕ ដោយ ៖ ភា សារិទ្ធ