ការល្បាតពីកងទ័ពលីបង់ និងនាយកដ្ឋានស៊ើបការណ៍សម្ងាត់កាលពីថ្ងៃចន្ទ បានបិទផ្លូវរត់ពន្ធជាច្រើន នៅព្រំដែន Masharih Al-Qaa ដែលជាតំបន់រវាងប្រទេសលីបង់ និងស៊ីរី ដែលខ្វះព្រំដែនកំណត់ច្បាស់លាស់។
ប្រភពយោធាលីបង់ បាននិយាយថា តំបន់នេះ ត្រូវបានប្រើសម្រាប់រត់ពន្ធទំនិញ ប្រេងឥន្ធនៈ និងមនុស្ស ហើយថា ប្រមុខកងទ័ព «បានសង់ពំនូកដី និងថ្ម ដើម្បីទប់ស្កាត់មិនឲ្យយានយន្ត និងម៉ូតូឆ្លងកាត់»។
ព្រំដែនរវាងប្រទេសលីបង់ និងសាធារណរដ្ឋអារ៉ាប់ស៊ីរី មានប្រវែងប្រហែល ៣៧៥ គីឡូម៉ែត្រ ហើយលាតសន្ធឹងតាមទីក្រុង ភូមិ និងតំបន់ភ្នំ។ រដ្ឋាភិបាលលីបង់ បានប៉ាន់ប្រមាណថា មាន ១៣៦ ចំណុចឆ្លងកាត់ខុសច្បាប់ ដែលក្នុងនោះ ជាងពាក់កណ្តាល គឺស្ថិតនៅក្នុងតំបន់ Bekaa។

កង្វះបុគ្គលិក និងឧបករណ៍ឃ្លាំមើល មានន័យថា ភាគច្រើននៃតំបន់ទាំងនេះ គឺងាយរងគ្រោះដោយសារ សកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការជួញដូរមនុស្ស និងការរត់ពន្ធអាវុធ គ្រឿងញៀន និងទំនិញផ្សេងៗទៀត។
ព្រំដែនបើកចំហទាំងនេះ បានបម្រើផលប្រយោជន៍របស់ក្រុមហេសបូឡា និងក្រុមប៉ាឡេស្ទីន ដែលជាសម្ព័ន្ធមិត្តជាមួយស៊ីរី។ ជាច្រើនឆ្នាំមកនេះ ក្រុមហេសបូឡា បានបង្កើតច្រកឆ្លងកាត់ព្រំដែនផ្ទាល់ខ្លួនរបស់ខ្លួន និងបានជួយការពារអ្នកផ្សេងទៀត ដែលត្រូវបានប្រើប្រាស់ដោយអ្នករត់ពន្ធពីមូលដ្ឋានគាំទ្ររបស់ ខ្លួន។
