សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុកបន្តិច នៅក្នុងត្រីមាសទី២ ដោយបង្ហាញពីភាពធន់ នៅចំពោះមុខវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក តែអ្នកវិភាគបានព្រមានអំពីការកើនឡើងនូវបញ្ហាប្រឈមនានា ដែលនឹងបង្កើនសម្ពាធកាន់តែខ្លាំងឡើងដល់អ្នកបង្កើតគោលនយោបាយ ក្នុងការបញ្ចេញចំណាត់ការជំរុញការគាំទ្របន្ថែមទៀត។
រហូតមកដល់ពេលនេះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោកមួយនេះ បានចៀសផុតពីការធ្លាក់ចុះកំណើនខ្លាំង ដែលមួយផ្នែកគឺដោយសារតែការផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងចិន និងការគាំទ្រគោលនយោបាយ ប៉ុន្តែទីផ្សារកំពុងត្រៀមប្រឈមជាមួយនឹងការចុះខ្សោយ នៅឆមាសទី២ ដោយសារការនាំចេញថមថយសន្ទុះ តម្លៃបន្តធ្លាក់ចុះ ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែមានកម្រិតទាបដដែល។

ទិន្នន័យ នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានកើនឡើង ៥,២ភាគរយ ពីខែមេសា ដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ដោយធ្លាក់ចុះពីកម្រិត ៥,៤ភាគរយ នៅក្នុងត្រីមាសទី១ ប៉ុន្តែខ្ពស់ជាងបន្តិចពីការព្យាកររបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters ដែលប៉ាន់ស្មានកំណើន ៥,១ភាគរយ។
ប្រធានសេដ្ឋវិទូ នៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បាននិយាយថា៖ «ប្រទេសចិនសម្រេចបានកំណើនលើសពីគោលដៅផ្លូវការ ៥ភាគរយ នៅត្រីមាសទី២ មួយផ្នែកដោយសារតែការនាំចេញធ្វើឡើងលឿនជាងពេលកំណត់។ កំណើនលើសពីគោលដៅ ទាំងនៅត្រីមាសទី១ និងទី២ ផ្តល់ពេលវេលាឲ្យរដ្ឋាភិបាលអាចទប់ទល់នឹងការធ្លាក់ចុះខ្លះៗ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ»។
ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ បានបង្ហាញថា ជារៀងរាល់ត្រីមាស GDP បានកើនឡើង ១,១ភាគរយពីខែមេសា ដល់ខែមិថុនា បើធៀបនឹងការព្យាករកំណើន ០,៩ភាគរយ និងការកើនឡើង ១,២ភាគរយនៅក្នុងត្រីមាសមុន៕
