អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា តំបន់បាល់ទិក កំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយឈ្លានពាន ដែលអនុវត្តដោយ បណ្តារដ្ឋឆ្នេរសមុទ្រអឺរ៉ុប។
នៅពេលត្រូវបានសួរថា តើវិមានក្រឹមឡាំង ចាត់ទុកសមយុទ្ធបាញ់ប្រយុទ្ធរបស់អេស្តូនី នៅតំបន់បាល់ទិកថា ជា ការប៉ុនប៉ងបង្កើនភាពតានតឹង ឬយ៉ាងណានោះ លោក Peskov បាននិយាយថា៖«ជាការពិតណាស់ បាល់ទិកបច្ចុប្បន្ននេះ បានក្លាយជាតំបន់ ដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយឈ្លានពានរបស់រដ្ឋ នៅតាមឆ្នេរសមុទ្រអឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោក Peskov បានបញ្ជាក់ថា៖«រុស្ស៊ីគឺជារដ្ឋបាល់ទិក ហើយប្រទេសនេះ មានបំណងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅក្នុងតំបន់នេះ»។
លោកបានបន្ថែមថា៖«ប៉ុន្តែវាក៏ជាការពិតដែលមិនអាចប្រកែកបាន ដែលរដ្ឋ [បាល់ទិក] ទាំងនេះ បានចូលរួមនៅក្នុងសកម្មភាពបង្កហេតុ»។
ប្រទេសអេស្តូនី បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូកែតដំបូងរបស់ខ្លួន ដែលមានមូលដ្ឋាននៅសមុទ្របាល់ទិក ដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ូកែតចល័តប្រភេទ HIMARS ដែលត្រូវបានបញ្ជូនមក នៅនិទាឃរដូវនេះ ជាផ្នែកមួយនៃកញ្ចប់សព្វាវុធដែលបានបញ្ជាទិញជាមុន ពីទីក្រុងវ៉ាស៊ីនតោន។
