តម្លៃប្រេងបានធ្លាក់ចុះបន្តិច នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដ) នេះ ខណៈដែលទីផ្សារបានផ្ដោតលើកាលកំណត់រយៈពេល ៥០ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីឲ្យប្រទេសរុស្ស៊ីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន និងបញ្ចៀសការដាក់ទណ្ឌកម្មលើអ្នកទិញប្រេងរបស់ប្រទេសនេះ ស្របពេលដែលការព្រួយបារម្ភនៅតែបន្តមាន ចំពោះពន្ធពាណិជ្ជកម្មរបស់លោក Trump។
ហ៊ុនប្រេងឆៅ Brent បានធ្លាក់ចុះ ៥សេន ដោយធ្លាក់មក ៦៩,១៦ដុល្លារ ក្នុង ១បារ៉ែល ត្រឹមម៉ោង ០០ ម៉ោងសកល ខណៈដែលហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះដល់ ៦៦,៨៩ដុល្លារ ក្នុង ១ប៉ារ៉ែល ដោយធ្លាក់ចុះ ៩សេន។

គួរបញ្ជាក់ថា លោក Trump បានប្រកាសផ្ដល់អាវុធថ្មីដល់អ៊ុយក្រែន កាលពីថ្ងៃចន្ទ ហើយបានគំរាមដាក់ទណ្ឌកម្មលើអ្នកទិញការនាំចេញរបស់រុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល ៥០ថ្ងៃទេនោះ។
តម្លៃប្រេងបានឡើងថ្លៃដោយសារព័ត៌មាននៃលទ្ធភាពដាក់ទណ្ឌកម្មនោះ ប៉ុន្តែក្រោយមកបានធ្លាក់ចុះ ខណៈដែលកាលកំណត់រយៈពេល ៥០ថ្ងៃ បានជំរុញដល់ក្តីសង្ឃឹម ដែលថា ទណ្ឌកម្មអាចមិនកើតឡើងឡើយ តែពាណិជ្ជករបាននៅតែរំពៃ អំពីថា តើសហរដ្ឋអាមេរិកពិតជានឹងដាក់ពន្ធខ្ពស់ខ្លាំងលើប្រទេសដែលកំពុងបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដែរ ឬយ៉ាងណា៕
