អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសរុស្ស៊ី នឹងមិនជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែននោះទេ។
លោកបាននិយាយនៅក្នុងសន្និសីទមួយថា៖«ប្រទេសចិនប្រឆាំងជាដាច់ខាតចំពោះការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងយុត្តាធិការ «រយៈពេលវែង» ខណៈសង្គ្រាមពន្ធគយ និងសម្ពាធ នឹងមិនអាចជួយដោះស្រាយបញ្ហាបានទេ» ដោយអត្ថាធិប្បាយលើសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ដើម្បីកំណត់ពន្ធ ៥00% លើរុស្ស៊ី និងដៃគូរបស់ខ្លួន។ លោក Lin បានបន្ថែមថា៖ «យើងជឿថាការសន្ទនានិងការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។

យោងតាមអ្នកការទូតចិនរូបនេះ ជំហររបស់ទីក្រុងប៉េកាំងចំពោះអ៊ុយក្រែន តែងតែមានភាពច្បាស់លាស់ និងពិតប្រាកដ។ លោកបានថ្លែងថា៖«យើងសង្ឃឹមថា ភាគីទាំងអស់ នឹងធ្វើការ ដើម្បីបង្កើតបរិយាកាសអំណោយផល ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនតាមបែបនយោបាយ ហើយក៏នឹងបង្កើតលក្ខខណ្ឌ និងចាត់វិធានការស្ថាបនាបន្ថែមទៀត ដើម្បីផ្សះផ្សាភាគី និងជំរុញការចរចា»។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីផែនការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ប្រសិនបើគ្មានការរីកចំរើនលើកិច្ចព្រមព្រៀងអ៊ុយក្រែន ត្រូវបានសម្រេច ក្នុងរយៈពេល ៥០ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា គំនិតនៃការដំឡើងពន្ធ ៥០០% ប្រឆាំងនឹងរុស្ស៊ី និងដៃគូរបស់ខ្លួន គឺគ្មានន័យអ្វីនោះទេ។
