ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Fuji ខេត្ត Shizuoka ប្រទេសជប៉ុននាថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះទីហ្វុង Nari បោកបក់ដល់ដីគោកនៅខេត្ត Hokkaido ។
ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រហូតដល់វេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃអង្គារ ទីក្រុង Fuji រកឃើញទឹកភ្លៀងកម្ពស់ ១៥០មីលីម៉ែត្រ ។
ភ្លៀងធ្លាក់ខ្លាំង បានកើតមាន ពេលដែលព្យុះទីហ្វុង Nari បោកបក់ដល់ដីគោកនៅខេត្ត Hokkaido ហើយនិងក្លាយជាប្រព័ន្ធសម្ពាធទាប ។

ព្យុះទីហ្វុងនេះដែរ ដែលបានកកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនៅចម្ងាយប្រហែល ២០០គ.មភាគខាងត្បូងកោះ Chichijima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើដំណើរតាមតំបន់ភាគខាងកើតប្រជុំកោះជប៉ុន មុនពេលធ្វើដំណើរទៅដល់ដីគោកនៅខេត្ត Hokkaido ។
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ NHK បានឲ្យដឹងថា លើកចុងក្រោយដែលព្យុះត្រូពិកវាយប្រហារខេត្ត Hokkaido បានកើតឡើងកាលពីខែសីហា ឆ្នាំ ២០១៦ ៕
