ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបង្ហាញការដឹងគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការត្រៀមខ្លួនរបស់លោកក្នុងការការពារអាយុជីវិតពលរដ្ឋអ៊ុយក្រែន ។
បន្ទាប់ពីលោក Trump ប្រកាសថាលោកនឹងបញ្ជូនអាវុធដល់ទីក្រុងគីវតាមរយៈអង្គការណាតូ និងទុកពេល ៥០ថ្ងៃដល់ទីក្រុងម៉ូស្គូ ដើម្បីឈានដល់បទឈប់បាញ់ បើពុំដូច្នោះទេនឹងប្រឈមទណ្ឌកម្មនោះ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់របស់លោកថា លោកមានការដឹងគុណចំពោះលោកប្រធានាធិបតី Trump សម្រាប់ការត្រៀមខ្លួនរបស់លោក ដើម្បីគាំទ្រការការពារអាយុជីវិតប្រជាពលរដ្ឋរបស់ពួកយើង ។
លោក Zelenskiy និយាយផងដែរថា លោកមាននូវកិច្ចពិភាក្សាប្រកបដោយផលិតភាព នៅទីក្រុងគីវ ជាមួយលោក Keith Kellogg ដែលជាអ្នកតំណាងពិសេសរបស់លោក Trumpប្រចំានៅអ៊ុយក្រែន ។
គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់រុស្ស៊ីកាលពីថ្ងៃចន្ទ ឲ្យបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់ខ្លួនក្នុងរយៈពេល៥០ថ្ងៃ ពុំនោះនឹងប្រឈមទណ្ឌកម្មសេដ្ឋកិច្ចថ្មីដ៏ធ្ងន់ធ្ងររហូតដល់ ១០០ភាគរយ ។
លោកបានបញ្ជាក់ថា លោកមិនសប្បាយចិត្តទាល់តែសោះ ចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយការអត់ធ្មត់របស់លោក ទីបំផុតបានចាប់ផ្ដើម ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៊ីក្នុងការបញ្ចប់ការលុកលុយរយៈពេលជាង ៣ឆ្នាំលើអ៊ុយក្រែន ៕