យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅមួយចំនួន ដែលជាកម្មសិទ្ធិរបស់កងកម្លាំងសម្រាំង Radwanរបស់ក្រុមហេសបូឡា នៅភាគខាងកើតប្រទេសលីបង់ នៅថ្ងៃអង្គារនេះ ដែលជាការវាយប្រហារចុងក្រោយនេះ បើទោះបីជាមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ។
យោធា បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មុននេះបន្តិច យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារជាច្រើនទៅលើគោលដៅរបស់ក្រុមភេរវករហេសបូឡា នៅក្នុងតំបន់ Beqaaនៃប្រទេសលីបង់»។

យោធាបានបន្ថែមថា៖«សមាសធាតុយោធាដែលត្រូវបានវាយប្រហារត្រូវបានប្រើប្រាស់ដោយអង្គការភេរវកម្មហេសបូឡា សម្រាប់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនភេរវករ ដើម្បីរៀបចំផែនការ និងធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងកងទ័ព (អ៊ីស្រាអែល) និងរដ្ឋអ៊ីស្រាអែល»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការយោធាអ៊ីស្រាអែល ក្នុងខែកញ្ញា ឆ្នាំ ២០២៤ បាន«សម្លាប់» មេបញ្ជាការកងកម្លាំង Radwan នៅក្នុងទីក្រុងបេរូត និងភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែថា «ចាប់តាំងពីពេលនោះមក អង្គភាពនេះ បានដំណើរការ ដើម្បីបង្កើតសមត្ថភាពឡើងវិញ» ។
