គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ (ទី១៤ ខែកក្កដា) បានប្រាប់ឲ្យដឹងថា ប្រទេសចំនួន ៥ របស់សហភាពអឺរ៉ុប (EU) នឹងសាកល្បងកម្មវិធីមួយ ដោយមានគោលបំណងការពារកុមារមិនឲ្យចូលទៅកាន់មាតិកាដែលបង្កគ្រោះថ្នាក់នៅលើប្រព័ន្ធអ៊ីនធឺណិត តាមរយៈការត្រួតពិនិត្យអាយុរបស់អ្នកប្រើប្រាស់។
ប្រទេសជាច្រើន នៅអឺរ៉ុប បានបង្កើនសម្ពាធលើប្លុកនេះឲ្យការពារអនីតិជនបន្ថែមទៀត នៅលើប្រព័ន្ធអ៊ីនធឺណិត តាមរយៈការមានវិធានការកាន់តែតឹងរ៉ឹង ដោយប្រទេសខ្លះបានតស៊ូមតិឲ្យហាមឃាត់មិនឲ្យចូលប្រើប្រាស់បណ្ដាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ។

កាលពីថ្ងៃចន្ទ គណៈកម្មាការបានបង្ហាញគំរូដើមនៃកម្មវិធីផ្ទៀងផ្ទាត់អាយុដែលដាណឺម៉ាក បារាំង ក្រិក អ៊ីតាលី និងអេស្ប៉ាញ នឹងកែប្រែឲ្យស្របតាមប្រទេសរៀងៗខ្លួន ដើម្បីបង្ហាញកំណែចុងក្រោយ ក្នុងរង្វង់ប៉ុន្មានខែខាងមុខ។
ប្រធានផ្នែកបច្ចេកវិទ្យារបស់ EU លោកស្រី Henna Virkkunen បានប្រាប់អ្នកសារព័ត៌មានថា៖ «វា (កម្មវិធី) នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ងាយស្រួលបញ្ជាក់ថា ពួកគេមានអាយុលើសពី ១៨ឆ្នាំ ដែលជួយការពារកុមារកុំឲ្យចូលទៅកាន់មាតិកាមិនសមរម្យ»។
គួរបញ្ជាក់ថា EU ដែលមានសមាជិកចំនួន ២៧ប្រទេស មានច្បាប់ឌីជីថលដ៏តឹងរ៉ឹងបំផុត ដើម្បីគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ឬ Big Tech ដោយការស៊ើបអង្កេតជាច្រើនកំពុងបន្តមាន លើរបៀបដែលវេទិការបស់ក្រុមហ៊ុនបណ្ដាញសង្គមទាំងនោះការពារកុមារ ឬមិនបានធ្វើដូច្នេះ៕
