សារព័ត៌មាន Asahi នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានចុះផ្សាយថា ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ទំនងជានឹងបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ នាថ្ងៃទី២០ ខែកក្កដា ដោយបង្កើនហានិភ័យនៃការមានអស្ថិរភាពនយោបាយ ក្នុងពេលដែលប្រទេសនេះកំពុងជួបការលំបាក ក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

សារព័ត៌មាន Asahi បានឲ្យដឹងថា គណបក្សកំពុងកាន់អំណាច គឺប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងដៃគូចម្រុះរបស់ខ្លួន គឺបក្ស Komeito ទំនងជានឹងពិបាករក្សារអាសនៈចំនួន ៥០ ដែលត្រូវការ ដើម្បីការពារសំឡេងភាគច្រើនរបស់ខ្លួន នៅក្នុងសភាជាន់ខ្ពស់។ សារព័ត៌មាននេះបានបញ្ជាក់ថា បក្ស LDP ទំនងជានឹងទទួលបានត្រឹមតែ ៣៥កៅអីប៉ុណ្ណោះ។ បច្ចុប្បន្ន បក្ស LDP មាន ៥២អាសនៈ។
ជាមួយគ្នានេះ សារព័ត៌មាន Asahi បានឲ្យដឹងបន្ថែមថា គណបក្សប្រឆាំងតូចៗ ដូចជាគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន និងគណបក្ស Sanseito ដែលបានអំពាវនាវឲ្យកាត់បន្ថយអត្រាពន្ធលើការលក់របស់ប្រទេសជប៉ុន ទំនងជានឹងកើនចំនួនអាសនៈដែលពួកគេមាននៅក្នុងសភា។
រដ្ឋបាលរបស់លោក Ishiba បានធា្លក់ចុះប្រជាប្រិយភាព ដោយសារការចំណាយនៃការរស់នៅខ្ពស់ ជាពិសេសតម្លៃអង្ករ បានប៉ះពាល់ដល់គ្រួសារជាច្រើន៕
