សារព័ត៌មាន Financial Times (FT) នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជំរុញអ៊ុយក្រែនជាលក្ខណៈឯកជនឲ្យបង្កើនការវាយប្រហារចូលកាន់តែជ្រៅទៅក្នុងដែនដីរុស្ស៊ី។
ជាមួយគ្នានេះ ដោយដកស្រង់សម្តីពីបុគ្គលដែលបានដឹងព័ត៌មានអំពីការពិភាក្សានេះ សារព័ត៌មាន FT បានបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំអាមេរិក ថែមទាំងបានសួរប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា តើលោកអាចវាយប្រហារទីក្រុងមូស្គូ បានដែរ ឬទេ ប្រសិនបើសហរដ្ឋអាមេរិកផ្តល់អាវុធរយៈចម្ងាយឆ្ងាយនោះ។

សារព័ត៌មាននេះ តាមរយៈការដកស្រង់សម្តីមនុស្ស ២នាក់ ដែលដឹងពីការសន្ទនា រវាងលោក Trump និងលោក Zelenskiy បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានសួរសមភាគីអ៊ុយក្រែនថា តើលោកអាចវាយប្រហារគោលដៅយោធាចូលជ្រៅទៅក្នុងដែនដីរុស្ស៊ីបានដែរ ឬទេ ប្រសិនបើរូបលោកផ្តល់អាវុធដែលមានសមត្ថភាពធ្វើដូច្នេះបាន។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។ ហើយទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចផ្ទៀងផ្ទាត់សេចក្ដីរាយការណ៍នេះបានដែរ៕

