ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើននៅរដ្ឋ New York និងរដ្ឋ New Jersey កាលពីយប់ថ្ងៃចន្ទ ខណៈការព្រមានពីទឹកជំនន់ដ៏គំហុកបានចូលជាធរមាននៅទូទាំងតំបន់មាត់សមុទ្រភាគខាងកើត ធ្វើឲ្យចរាចរណ៍អាក់ខានទ្រង់ទ្រាយធំ ហើយរថយន្តមួយចំនួន បានជាប់នៅក្នុងទឹកជំនន់ ។
អភិបាលរដ្ឋ New Jersey លោក Phil Murphy បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយជំរុញឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ ។
ក្រុមអាជ្ញាធរនៅទូទាំងតំបន់ រួមទាំងនៅរដ្ឋ Virginia, Maryland និងរដ្ឋ Pennsylvania បានប្រមានពីស្ថានភាពបើកបរគ្រោះថ្នាក់ ដោយសារហានិភ័យនៃទឹកជំនន់ដ៏គំហុក ។
អាកាសយានដ្ឋាន JFK, LaGuardia និងអាកាសយានដ្ឋាន Newark បានផ្អាកបណ្តោះអាសន្នការចាកចេញរបស់ជើងហោះហើរកាលពីយប់ថ្ងៃចន្ទ បង្ខំឲ្យមានការលុបចោលជើងហោះហើររាប់សិបវ៉ុល ។
ក្រុមការងារសង្រ្គោះនៅទីក្រុង Scotch Plains រដ្ឋ New Jersey បានដើរលុកទឹក ក្រោយអ្នកបើកបររថយន្តជាច្រើន ជាប់ខ្លួននៅក្នុងទឹកជំនន់ ។
នៅទីក្រុង New York វីដេអូដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញទឹកហូរខ្លាំងនៅមុខស្ថានីយរថភ្លើងក្រោមដី ។ រថភ្លើងក្រោមដីជាច្រើនខ្សែ បានផ្អាកសេវាកម្មរបស់ខ្លួនបណ្តោះអាសន្នផងដែរ ខណៈការកកស្ទះចរាចរណ៍បានកើតមាននៅតាមតំបន់ជាច្រើននៅក្នុងទីក្រុងមួយនេះ ។
ស្របពេលនោះដែរ សេវាកម្មឧតុនិយមជាតិ បានជំរុញឲ្យអ្នកបើកបររថយន្តចូលដល់តំបន់លិចទឹក ត្រូវត្រឡប់ក្រោយវិញ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ៕