មេដឹកនាំផ្ដល់ឱវាទខាងសាសនានៃជនជាតិភាគតិច Druze បានចោទប្រកាន់មេដឹកនាំស៊ីរី នៅទីក្រុងដាម៉ាសថា បានទម្លាក់គ្រាប់បែកលើទីក្រុងភាគខាងត្រូង Sweida ទោះបីជាបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីរម្ងាប់អំពើហិង្សាក៏ដោយ ហើយលោកបានអំពាវនាវឲ្យអ្នកប្រយុទ្ធប្រឈមជាមួយកងទ័ពស៊ីរីដែលចូលទៅក្នុងទីក្រុងនេះ។
នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ សេចក្តីថ្លែងការណ៍តាមរយៈវីដេអូរបស់មេដឹកនាំដ៏មានឥទ្ធិពល គឺលោក Sheikh Hikmat al-Hajri បង្កជាបញ្ហាប្រឈមដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Ahmed al-Sharaa ដែលកងកម្លាំងរបស់លោក បានផ្តួលរំលំអតីតមេដឹកនាំ លោក Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយកំពុងប្រឹងប្រែងយកដែនដីស៊ីរីទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល បន្ទាប់ពីប្រទេសនេះត្រូវបានបែងចែកអស់រយៈពេលជិត ១៤ឆ្នាំមកហើយ។
អស់រយៈពេលជាច្រើនខែមកនេះ មេដឹកនាំនៃជនជាតិភាគតិច Druze បានលើកឡើងថា ខ្លួនមិនជឿជាក់លើរដ្ឋាភិបាលស៊ីរីថ្មីឡើយ ហើយបានប្រឆាំងមិនឲ្យមានវត្តមានកងទ័ពរបស់រដ្ឋាភិបាល ដោយនិយាយថា ពួកគេនឹងធានាការពារទីក្រុង Sweida ដោយកម្លាំងយុទ្ធជនក្នុងតំបន់។ ហើយប្រទេសជិតខាងអ៊ីស្រាអែល ក៏បានវាយប្រហារកងទ័ពស៊ីរី នៅទីក្រុង Sweida និងនៅជិតទីក្រុងដាម៉ាស ដោយមានគោលបំណងការពារជនជាតិភាគតិច Druze ដែលជាពូជពង្សនៃអ្នកកាន់សាសនាឥស្លាមយ៉ាងខ្ជាប់ខ្ជួន នៅស៊ីរី លីបង់ និងអ៊ីស្រាអែល។
ប៉ុន្តែនៅដើមសប្តាហ៍នេះ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាថ្មីមួយ បានផ្ទុះឡើង រវាងក្រុមប្រដាប់អាវុធនៃជនជាតិភាគតិច Druze និងយុទ្ធជនរបស់ក្រុមកុលសម្ព័ន្ធ Bedouin ក្នុងខេត្ត Sweida ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បានបញ្ជូនកងកម្លាំងទៅបង្ក្រាបការប្រយុទ្ធគ្នា និងគ្រប់គ្រងខេត្តនេះ៕