ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានប្រាប់អ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីថា ប្រទេសរបស់ពួកលោកទាំង២ គួរតែ «ពង្រឹងការគាំទ្រគ្នាទៅវិញទៅមក» ខណៈដែលរដ្ឋមន្ត្រីការបរទេស បានជួបជុំគ្នានៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សារបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
ទីក្រុងប៉េកាំងបានប្រឹងប្រែងជាយូរមកហើយ ដើម្បីបង្ហាញថា SCO ជាក្រុមមានកម្លាំងទប់ទល់នឹងប្លុកមហាអំណាចដែលដឹកនាំដោយលោកខាងលិច ដូចជាអង្គការណាតូ (NATO) ជាដើម ហើយបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងៗ រវាងសមាជិកទាំង ១០ប្រទេសរបស់អង្គការនេះ។
អ្នកការទូតជាន់ខ្ពស់មកពីប្រទេសសមាជិកនៃក្រុមនេះ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស ក្នុងនោះរួមមានទាំងវត្តមានរបស់លោក Sergei Lavrov របស់រុស្ស៊ី លោក Subrahmanyam Jaishankar របស់ឥណ្ឌា និងលោក Abbas Araghchi របស់អ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា ជំនួបជាមួយលោក Lavrov ក្នុងរដ្ឋធានីរបស់ចិន លោក Xi បាននិយាយថា ប្រទេសទាំង២ គួរតែ «ពង្រឹងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី»។
លោក Xi បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គួរតែធ្វើការ ដើម្បី «បង្រួបបង្រួមបណ្ដាប្រទេសនៃប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង (Global South) និងលើកកម្ពស់ការអភិវឌ្ឍនៃសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផលបន្ថែមទៀត។ នេះយោងតាមសារព័ត៌មាន Xinhua ដដែល៕