គណបក្សមានជំនឿលើសាសនា បានដកខ្លួនចេញពីក្រុមចម្រុះកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដោយសារជម្លោះ ជុំវិញកាតព្វកិច្ចយោធា ជាការសម្រេចដែលធ្វើឲ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu មានសំឡេងភាគច្រើនស្ដួចស្តើងកាន់តែខ្លាំង នៅក្នុងសភា ប៉ុន្តែនៅតែមានការគាំទ្រផ្នែកនយោបាយគ្រប់គ្រាន់ ក្នុងការធានាបាននូវបទឈប់បាញ់ដែលអាចកើតមាន នៅតំបន់ហ្កាហ្សា។
សមាជិក ៦រូបនៃគណបក្ស United Torah Judaism (UTJ) បានប្រគល់លិខិតលាលែងពីតំណែង នាពេលយប់ ទៅគណៈកម្មាធិការសភា និងក្រសួងរដ្ឋាភិបាល ជាការតវ៉ាប្រឆាំងនឹងការបរាជ័យដែលសមាជិកសភាមិនអាចធានាបានដល់ការលើកលែង នាពេលអនាគត កុំឲ្យមានការចុះឈ្មោះយោធា សម្រាប់និស្សិតសាសនាអូស្សូដក់ ដែលប្រកាន់តឹងរ៉ឹងជ្រុល។
គណបក្សសាសានាអូស្សូដក់ជ្រុលនិយមទី២ គឺ Shas ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយបក្ស UTJ អាចនឹងធ្វើតាមដែរ ហើយទុកឲ្យរដ្ឋាភិបាលមិនមានសំឡេងភាគច្រើន នៅក្នុងសភា។
សមាជិកសភារបស់បក្ស UTJ បានផ្ដល់ហេតុផលថា ការដើរចេញរបស់ពួកគេ នឹងចូលជាធរមានក្រោយ ៤៨ម៉ោង ដោយទុកពេលឲ្យលោក Netanyahu ២ថ្ងៃ ដើម្បីព្យាយាមដោះស្រាយវិបត្តិ ដែលបានធ្វើឲ្យរដ្ឋាភិបាលចម្រុះរបស់លោកជួបបញ្ហាអស់ជាច្រើនខែមកហើយ។
ទោះបីជាបរាជ័យក៏ដោយ ក៏សភានឹងត្រូវឈប់សម្រាករដូវក្តៅ នៅចុងខែកក្កដា ដែលនឹងផ្តល់ពេលដល់នាយករដ្ឋមន្ត្រី ៣ខែទៀត ដើម្បីស្វែងរកដំណោះស្រាយ មុនពេលការបាត់បង់សំឡេងភាគច្រើន អាចគំរាមកំហែងដល់តំណែងរបស់លោក។ លោក Netanyahu ក៏កំពុងប្រឈមនឹងសម្ពាធផងដែរពីភាគីស្តាំនិយមជ្រុល ក្នុងក្រុមចម្រុះរបស់លោក ជុំវិញកិច្ចចរចាបទឈប់បាញ់ដែលកំពុងដំណើរការនៅក្នុងប្រទេសកាតា៕