ក្រសួងការពារជាតិកូរ៉េខាងត្បូង បានកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) ដើម្បីបង្ហាញការតវ៉ា ចំពោះសៀវភៅសប្រចាំឆ្នាំចេញដោយទីក្រុងតូក្យូ ដែលបានអះអាងសិទ្ធិដែនដី លើបណ្ដុំកោះមានជម្លោះ ដែលស្ថិតនៅសមុទ្រខាងកើត។
គួរបញ្ជាក់ថា ភាគីទាំង២ អះអាងសិទ្ធិកាន់កាប់ដែនដីជាយូរអង្វែងមកហើយ លើប្រជុំកោះ ដែលត្រូវបានគេស្គាល់ថា Dokdo ជាភាសាកូរ៉េ និង Takeshima ជាភាសាជប៉ុន ហើយមានទីតាំងស្ថិតនៅស្ទើរពាក់កណ្តាល ចន្លោះប្រទេសទាំង ២។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខកិច្ចការអន្តរជាតិរបស់ខ្លួន លោក Lee Kwang-seok បានកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ប្រចាំនៅប្រទេសកូរ៉េ ដើម្បីបង្ហាញការតវ៉ា។
លោក Lee បានទាមទារឲ្យដកចេញភ្លាមនូវការអះអាងសិទ្ធិលើដែនដីរបស់ជប៉ុនចេញពីសៀវភៅនោះ ហើយបានបន្ថែមថា រដ្ឋាភិបាលនឹង «ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញអធិបតេយ្យភាព នៅបណ្ដុំកោះ Dokdo»៕