នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) រដ្ឋមន្ត្រីការបរទេសបារាំង បានបញ្ជាក់ថា សន្និសីទអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានកំណត់ពេលឡើងវិញ ក្នុងខែនេះ នឹងពិភាក្សាអំពីផែនការក្រោយសង្គ្រាម សម្រាប់តំបន់ហ្កាហ្សា និងការត្រៀមទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយប្រទេសបារាំង និងប្រទេសដទៃទៀត។
គួរបញ្ជាក់ថា ប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត បានរៀបចំផែនការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីថ្ងៃទី១៧ ដល់ទី២០ ខែមិថុនា ក្នុងគោលបំណងដាក់ចេញនូវរចនាសម្ព័ន្ធនៃផែនទីបង្ហាញផ្លូវដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ស្របពេលជាមួយគ្នាត្រូវធានាសន្តិសុខដល់ប្រទេសអ៊ីស្រាអែល។
នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បាននិយាយថា៖ «គោលបំណង គឺដើម្បីគូសផែនទីបង្ហាញផ្លូវ សម្រាប់តំបន់ហ្កាហ្សាក្រោយសង្គ្រាម និងរៀបចំការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយបារាំង និងប្រទេសដែលនឹងចូលរួមក្នុងយន្តការនេះ»។
សន្និសីទនេះត្រូវបានពន្យារពេលក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់ពីសង្គ្រាមផ្លូវអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់រយៈពេល ១២ថ្ងៃ បានចាប់ផ្តើមផ្ទុះឡើង ជាពេលដែលដែនអាកាសក្នុងតំបន់ ត្រូវបានបិទ ដែលធ្វើឲ្យមានការពិបាក សម្រាប់អ្នកតំណាងនៃរដ្ឋអារ៉ាប់មួយចំនួន ក្នុងការធ្វើដំណើរទៅចូលរួម។ អ្នកការទូតបាននិយាយកាលពីថ្ងៃសុក្រថា វាត្រូវបានកំណត់ឡើងវិញ សម្រាប់ថ្ងៃទី ២៨-២៩ ខែកក្កដា៕