វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៥ ខែកក្កដា) នេះ បានលើកឡើងថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះមានរួមទាំងការគំរាមដាក់ណ្ឌកម្មលើអ្នកទិញការនាំចេញរបស់រុស្ស៊ី គឺធ្ងន់ធ្ងរ និងទាមទារឲ្យមានការវិភាគ។
ជាការផ្លាស់ប្តូរគោលនយោបាយដ៏ធំ ដែលបញ្ជាក់ពីការខកចិត្តកាន់តែខ្លាំងឡើងៗរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin លោក Trump កាលពីថ្ងៃចន្ទ បានប្រកាសពីការប្រគល់អាវុធថ្មីទៅឲ្យអ៊ុយក្រែន ហើយបានព្រមានថា អ្នកទិញការនាំចេញរបស់រុស្ស៊ី អាចប្រឈមនឹងទណ្ឌកម្ម ប្រសិនបើរុស្ស៊ីមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែនទេនោះ។
នៅពេលត្រូវបានសួរអំពីសេចក្តីថ្លែងការណ៍របស់ Trump នាពេលថ្មីៗនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺធ្ងន់ធ្ងរណាស់។ ពាក្យពេចន៍មួយចំនួនត្រូវបានលើកឡើងដោយផ្ទាល់សំដៅលោកប្រធានាធិបតី Putin»។
លោក Peskov បានបញ្ជាក់ថា៖ «យើងពិតជាត្រូវការពេលវេលា ដើម្បីវិភាគនូវអ្វីដែលត្រូវបានលើកឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ ហើយប្រសិនបើ និងនៅពេលដែលលោកប្រធានាធិបតី Putin យល់ថា វាចាំបាច់ លោកពិតជានឹងធ្វើការអត្ថាធិប្បាយ»។
ជាមួយគ្នានេះ ដោយសំដៅទៅលើព័ត៌មាននៃការផ្ដល់អាវុធថ្មីទៅទីក្រុងគីវ លោក Peskov បានសង្កត់ធ្ងន់ថា៖ «ការសម្រេចដែលត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នៅក្នុងបណ្ដាប្រទេសអង្គការណាតូ និងច្បាស់ណាស់នៅក្នុងទីក្រុងប្រ៊ុចសែល គឺជាសញ្ញាជំរុញឲ្យអ៊ុយក្រែនបន្តសង្រ្គាម មិនមែនជាសញ្ញាសម្រាប់សន្តិភាពនោះទេ»៕