ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក្នុងទីក្រុង ព្រុចសែល ថា ប្លុកនេះ ពុំបានឯកភាពគ្នាក្នុងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីទេកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយសារមានការជំទាស់ពីប្រទេសស្លូវ៉ាគី បន្ទាប់ពីចំណាត់ការថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

លោកស្រីនិយាយថា ជារឿងគួរឲ្យសោកស្ដាយណាស់ដែលប្លុកនេះបរាជ័យក្នុងការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ជាសម្ពាធឈានទៅរកការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែសង្ឃឹមថាកិច្ចព្រមព្រៀងមួយនឹងសម្រេចបាននៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលបាល់នៅក្នុងដៃស្លូវ៉ាគី។
លោក Trump កាលពីថ្ងៃអង្គារ ១៥ កក្កដា បានព្រមានរុស្ស៊ីថា ខ្លួនមានពេល ៥០ថ្ងៃ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែន ពុំនោះត្រូវប្រឈមទណ្ឌកម្មថ្មី ខណៈសហភាពអឺរ៉ុបពុំបានអនុម័តកញ្ចប់វិធានការចុងក្រោយរបស់ខ្លួនប្រឆាំងនឹងទីក្រុងមូស្គូឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មិនគួរកំណត់គោលដៅទីក្រុងមូស្គូទេ ទោះមានរបាយការណ៍ថា លោកបានលើកទឹកចិត្តជាឯកជន ឱ្យមានការវាយប្រហារចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ីក៏ដោយ ដោយបន្ថែមថា រូបលោកនៅខាងមនុស្សធម៌ ហើយចង់បញ្ឈប់ការកាប់សម្លាប់នេះ។
លោក Trump បានការពារឱសានវាទរយៈពេល ៥០ ថ្ងៃរបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបានប្តេជ្ញាថា ទណ្ឌកម្ម និងការដំឡើងពន្ធនឹងចាប់ផ្តើមប្រឆាំងនឹងបណ្ដាប្រទេសដែលបន្តទិញប្រេងពីរុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។
លោក Trump បាននិយាយថា នៅចុងបញ្ចប់នៃរយៈពេល៥០ថ្ងៃ ប្រសិនបើយើងមិនមានកិច្ចព្រមព្រៀងទេនោះ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ៕


