មនុស្សយ៉ាងហោចណាស់៦១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ រួមទាំងអ្នកស្វែងរកជំនួយយ៉ាងហោចណាស់ពីរនាក់ផងដែរ ខណៈទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA ព្រមានថាអត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកំពុងកើនឡើងក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួន Shati នៅភាគខាងជើងដែនដីហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានទាមទារឲ្យមានចំណាត់ការជាសកលដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ពីសំណាក់អ៊ីស្រាអែលនៅហ្កាហ្សា។
មនុស្សចំនួន៨៧៥នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ អំឡុងព្យាយាមស្វែងរកប្រភពស្បៀងអាហារក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលការស្លាប់ភាគច្រើនពាក់ព័ន្ធនឹងមជ្ឈមណ្ឌលចែកចាយជំនួយឯកជននៅមូលនិធិមនុស្សធម៌ហ្កាហ្សា ចាប់តាំងពីចុងខែឧសភា នៅពេលមូលនិធិនេះបានចាប់ផ្តើមប្រតិបត្តិការ។
នៅតំបន់ហ្កាហ្សាភាគខាងត្បូង យ៉ាងហោចណាស់មានស្ត្រីពីរនាក់បានស្លាប់ និង៣០ នាក់ផ្សេងទៀតបានរងរបួសនៅជិតកន្លែងចែកចាយជំនួយមួយនៃទីក្រុង Rafah ដែលគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដ៏ចម្រូងចម្រាស។
យោធាអ៊ីស្រាអែលក៏បានចេញបញ្ជាជម្លៀសដោយបង្ខំផងដែរសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ចំនួន ១៦ នៅភាគខាងជើងហ្កាហ្សា៕

