តម្លៃទំនិញប្រើប្រាស់ CPI ឬត្រូវបានស្គាល់ជាទូទៅថាអតិផរណា របស់សហរដ្ឋអាមេរិក បានហក់ឡើងច្រើនបំផុតក្នុងពេល ៥ខែនៅខែមិថុនាកន្លងទៅ ស្របពេលមានការចំណាយខ្ពស់ខ្លាំងសម្រាប់ទំនិញមួយចំនួន ដែលបង្ហាញថា របាំងពន្ធគយកំពុងចាប់ផ្តើមបញ្ចេញផលប៉ះពាល់លើតម្លៃ និងអាចធ្វើឱ្យធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ព្រួយបារម្ភលើអត្រាការប្រាក់រហូតដល់ខែកញ្ញា។

ការិយាល័យស្ថិតិរបស់ក្រសួងការងារអាមេរិក បាននិយាយនៅថ្ងៃអង្គារ (១៥ កក្កដា) ថា ទិន្នន័យ CPI បានកើនឡើង ០,៣% កាលពីខែមុន បន្ទាប់ពីកំណើន ០,១% នៅក្នុងខែឧសភា។ កំណើននេះគឺជាតួលេខដ៏ធំបំផុតចាប់តាំងពីខែមករាមក ហើយថែមទាំងឆ្លុះបញ្ចាំងពីតម្លៃជួលកាន់តែខ្ពស់ផងដែរ។ តម្លៃសាំងស្ទុះងើបឡើងវិញ ១.០% បន្ទាប់ពីការធ្លាក់ចុះប្រចាំខែចំនួន ៤ខែជាប់គ្នា។ CPI ស្នូលកើន ០,២% ដែលជាកំណើន ២,៩% លើមូលដ្ឋានធៀបនឹងឆ្នាំមុន។

តម្រូវការកាន់តែទន់ខ្សោយនៅពេលដែលអ្នកប្រើប្រាស់ចំណាយកាន់តែតិច ហើយសកម្មភាពនេះកំពុងតែទប់ស្កាត់តម្លៃកើនឡើងសម្រាប់សេវាកម្មដូចជា ថ្លៃសំបុត្រយន្តហោះ និងបន្ទប់សណ្ឋាគារជាដើម ដោយនាំឱ្យអតិផរណានៅទ្រឹងមួយរយៈ។ ប្រសិនបើនិន្នាការនេះមាននិរន្តរភាព អាចបន្ធូរបន្ថយក្តីបារម្ភនៃសម្ពាធតម្លៃយ៉ាងទូលំទូលាយពីពន្ធគយ។
ទោះយ៉ាងនេះក្ដី សេដ្ឋវិទូជាទូទៅរំពឹងថា ការកើនឡើងនៃអតិផរណាបណ្ដាលមកពីពន្ធ នឹងកាន់តែបង្ហាញឱ្យឃើញច្បាស់ក្នុងរបាយការណ៍ CPI ខែកក្កដា និងសីហា ខាងមុខនេះ ព្រោះតែអាជីវកម្មនៅតែលក់ទំនិញដែលប្រមូលបានមុនពេលលោកប្រធានាធិបតី Donald Trump ប្រកាសពន្ធនាំចូលខ្ពស់ៗក្នុងខែមេសា។ សេដ្ឋវិទូក៏លើកឧទាហរណ៍ជាក់ស្ដែងថា នៅពេលដែលលោក Trump យកពន្ធលើម៉ាស៊ីនបោកគក់ក្នុងឆ្នាំ២០១៨ ពន្ធនោះត្រូវចំណាយពេលជាច្រើនខែដើម្បីបង្ហាញផលជះនៅក្នុងទិន្នន័យអតិផរណា៕

