លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ (១៥ កក្កដា) បាននិយាយថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១៩% លើទំនិញពីឥណ្ឌូនេស៊ី ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយកិច្ចព្រមព្រៀងជាច្រើនទៀតកំពុងដំណើរការ ខណៈលោកបន្តសង្កត់លើអ្វីដែលលោកយល់ថាជាលក្ខខណ្ឌល្អប្រសើរជាមួយដៃគូពាណិជ្ជកម្ម និងវិធីបន្ទាបឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិក។
បន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងចុងក្រោយបង្អស់នេះ លោក Trump បាននិយាយលើវេទិកាសង្គម Truth Social របស់លោកថា ឥណ្ឌូនេស៊ីបានយល់ព្រមទិញផលិតផលថាមពលរបស់អាមេរិកតម្លៃ ១៥ពាន់លានដុល្លារ ផលិតផលកសិកម្មអាមេរិក ៤,៥ពាន់លានដុល្លារ និងយន្តហោះប៊ូអ៊ីង ៥០គ្រឿង ប៉ុន្តែពុំមានការកំណត់ពេលវេលាជាក់លាក់នោះទេ។
កិច្ចព្រមព្រៀងជាមួយឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្មដ៏តូចតាចរបស់អាមេរិក ដែលពីមុនរងពន្ធ ៣២% មួយនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងមួយចំនួនតូចរហូតមកដល់បច្ចុប្បន្នជាមួយរដ្ឋបាលលោក Trump នៅមុនថ្ងៃផុតកំណត់ពន្ធទី០១ សីហា លើការនាំចូលភាគច្រើនរបស់អាមេរិក។ ការសម្រេចបានកិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដៃគូពាណិជ្ជកម្មកំពូលរបស់អាមេរិក គឺសហភាពអឺរ៉ុប បានរៀបចំវិធានការសងសឹករួចជាស្រេច ប្រសិនបើពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យ។
គណៈកម្មការត្រួតពិនិត្យពាណិជ្ជកម្មសម្រាប់សហភាពអឺរ៉ុប ដែលរងការគំរាមកំហែងពន្ធ ៣០% ពីលោក Trump បានត្រៀមដាក់គោលដៅសងសឹកលើទំនិញអាមេរិកចំនួន ៧២ពាន់លានអឺរ៉ូ (៨៤,១ ពាន់លានដុល្លារ) - រាប់ចាប់ពីយន្តហោះប៊ូអ៊ីង និងស្រាវីស្គី រហូតដល់រថយន្ត - សម្រាប់ការដំឡើងពន្ធដែលអាចកើតមាន ប្រសិនបើកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនមិនបានសម្រេច៕