ឯកសារតុលាការបានបង្ហាញថា ចក្រភពអង់គ្លេស បានបង្កើតផែនការសម្ងាត់មួយ ដើម្បីតាំងទីលំនៅថ្មីរបស់ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមន្ត្រីម្នាក់បានបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សជាង៣៣.០០០នាក់ដោយចៃដន្យ ដោយធ្វើឱ្យពួកគេប្រឈមនឹងការសងសឹកពីក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។

ចៅក្រមមួយរូបនៅតុលាការកំពូលរបស់ទីក្រុងឡុងដ៍្របាននិយាយក្នុងសាលក្រមកាលពីខែឧសភា ឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថាមនុស្សប្រហែល២០.០០០នាក់ អាចត្រូវបានផ្តល់ជូនការផ្លាស់ប្តូរទីលំនៅថ្មីទៅកាន់អង់គ្លេស ជាចំណាត់ការមួយដែលទំនងជានឹងត្រូវចំណាយអស់ជាច្រើនពាន់លានផោន ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបច្ចុប្បន្នលោក John Healey បានប្រាប់សភាថា ប្រជាជនដែលរងផលប៉ះពាល់ប្រហែល៤.៥០០នាក់ ស្ថិតនៅក្នុងចក្រភពអង់គ្លេស ឬកំពុងធ្វើដំណើរ ត្រូវចំណាយប្រហែល ៤០០លានផោន ឬស្មើ ៥៤០លានដុល្លារ ក្រោមកម្មវិធីដែលគេស្គាល់ថា ផ្លូវឆ្លើយតបសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។រដ្ឋាភិបាលក៏កំពុងប្រឈមការប្តឹងផ្ដល់ពីអ្នកដែលរងផលប៉ះពាល់ដោយសារការលេចធ្លាយទិន្នន័យនេះដែរ។
ការត្រួតពិនិត្យឡើងវិញដោយក្រសួងការពារជាតិលើការលេចធ្លាយទិន្នន័យ ជាសេចក្តីសង្ខេបដែលត្រូវបានចេញផ្សាយផងដែរកាលពីថ្ងៃអង្គារបាននិយាយថាមនុស្សជាង១៦.០០០នាក់ដែលរងផលប៉ះពាល់ដោយការលេចធ្លាយទិន្នន័យនេះ ត្រូវបានផ្លាស់ប្តូរទីលំនៅទៅចក្រភពអង់គ្លេស គិតត្រឹមខែឧសភាឆ្នាំនេះ។
ការលេចធ្លាយនេះ បានបង្ហាញពីឈ្មោះជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងកម្លាំងអង់គ្លេសនៅអាហ្វហ្គានីស្ថាន មុនពេលពួកគេដកខ្លួនចេញពីប្រទេសនេះក្នុងស្ថានភាពចលាចលកាលពីឆ្នាំ២០២១ ជាពេលវេលាដែលក្រុមឧទ្ទាមតាលីបង់បានវាយលុកនិងចូលកាន់កាប់ប្រទេសនេះ៕


