អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារ (១៥ កក្កដា) ថា មនុស្សយ៉ាងហោចណាស់ ២នាក់នៅរដ្ឋ New Jersey បានស្លាប់ បន្ទាប់ពីរថយន្តរបស់ពួកគេជន់លិចនៅក្នុងទឹកជំនន់យ៉ាងគំហុកក្នុងអំឡុងពេលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលបានវាយប្រហារឆ្លងកាត់ភាគឦសានរបស់សហរដ្ឋអាមេរិក ពេញមួយយប់។

ភ្លៀងធ្លាក់ខ្លាំងបានរំខានដល់ការធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងព្រលានយន្តហោះ ផ្លូវហាយវេ និងផ្លូវរថភ្លើងក្នុងតំបន់របស់អាមេរិក។ អភិបាលរដ្ឋ New Jersey លោក Phil Murphy បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ហើយបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ក្នុងតំបន់ Plainfield នៅពេលដែលរថយន្តរបស់ពួកគេត្រូវជន់លិចក្នុងទឹកជំនន់។
ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកនៅក្នុងទីក្រុងញូវយ៉ក និងភាគនិរតីនៃរដ្ឋ Pennsylvania កាលពីយប់ថ្ងៃចន្ទ ចូលដល់ព្រឹកថ្ងៃអង្គារ ដោយជំរុញឱ្យមានការបិទផ្លូវ ការលុបចោលជើងហោះហើរ និងបង្អាក់សេវាកម្មមួយចំនួននៅលើរថភ្លើងក្រោមដីក្នុងទីក្រុងញូវយ៉ក។
វីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតបានបង្ហាញពីទឹកហូរចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីនៅតំបន់ Manhattan របស់ញូវយ៉ក ដោយបានជន់លិចលើផ្លូវធ្វើដំណើរ ខណៈដែលអ្នកដំណើរកំពុងរង់ចាំក្នុងរថភ្លើង។ ទឹកជំនន់យ៉ាងគំហុកបែបនេះបានក្លាយជាបញ្ហាដ៏រឹងរូសសម្រាប់ប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងញូវយ៉ក ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ និងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីការពារមិនឱ្យជ្រាបទឹកចូលក៏ដោយ៕

