រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា លោកបានពិភាក្សាពីមធ្យោបាយឈានដល់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេសអ៊ីរ៉ង់ ជាមួយសមភាគីអ៊ីរ៉ង់លោក Abbas Araqchi កាលពីថ្ងៃអង្គារ១៥ ខែកក្កដាសប្ដាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជំរុញឱ្យមានការសម្របសម្រួលផ្នែកសន្តិសុខពីបណ្តាប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរួមមានចិន និងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមនេះក្នុងប្រទេសចិន ខណៈលោកស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរក្នុងសង្គ្រាម១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនាឆ្នាំ២០២៥ ។
ប្រមុខការទូតទាំងពីរនាក់បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២៥ នៅទីក្រុង ធៀនជីង (Tianjin) ភាគខាងជើងប្រទេសចិន។
កាលពីខែមិថុនា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលពួកគេបាននិយាយថា ជាផ្នែកនៃកម្មវិធីនុយក្លេអ៊ែរ ឆ្ពោះទៅរកការផលិតអាវុធប្រល័យលោកដែលទីក្រុងតេអេរ៉ង់បដិសេធថាមិនមានផែនការបែបនេះទេ។
ចាប់តាំងពីការដាក់ទណ្ឌកម្មរបស់អាមេរិកឡើងវិញលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក Donald Trump ទីក្រុងតេអេរ៉ង់បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងមូស្គូតាមរយៈកតិកាសញ្ញាយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ និងទីក្រុងប៉េកាំង ដែលទិញបានរហូតដល់ ៩០% នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់៕

