គម្រោងរបស់អ៊ីស្រាអែល ដើម្បីផ្លាស់ទីប្រជាជនប៉ាឡេស្ទីនភៀសខ្លួនរាប់សែននាក់ ទៅកាន់កន្លែងមួយដែលគេហៅថា "ទីក្រុងមនុស្សធម៌" នៅតំបន់ហ្កាហ្សា បាននាំឱ្យអ្នកនយោបាយអ៊ីស្រាអែល មានជម្លោះផ្ទៃក្នុងយ៉ាងក្ដៅគគុកជាមួយក្រសួងការពារជាតិ ហើយក្រុមមន្ត្រីនិយាយថា ផែនការជាក់ស្តែងលើរឿងនោះមិនទាន់ត្រូវបានរៀបចំនៅឡើយទេ។

ទោះបីជាមិនមានផែនការមេច្បាស់លាស់ក៏ដោយ ក៏អ្នករិះគន់មកពីគណបក្សប្រឆាំងបានជំទាស់សំណើនេះរួចទៅហើយ ដោយអ្នកខ្លះបានប្រដូចទីតាំងដែលបានស្នើឡើងនោះទៅនឹង "ជំរំប្រមូលផ្តុំអ្នកទោស" ដែលអាចនាំទៅដល់ការបោសសម្អាតជនជាតិភាគតិចនៅក្នុងតំបន់ឆ្នេរឡោមព័ទ្ធ ដែលត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះរយៈពេល ២១ខែមួយនេះ។
រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានការពារគម្រោងនេះ ដោយនិយាយថា ខ្លួននឹងផ្តល់ឱ្យជនស៊ីវិលនូវជម្រកសុវត្ថិភាព ខណៈពេលដែលធ្វើឱ្យការកាន់កាប់របស់ពួកសកម្មប្រយុទ្ធហាម៉ាស ចុះខ្សោយបន្ថែមទៀតលើតំបន់ហ្កាហ្សា ប៉ុន្តែគេនៅតែមិនច្បាស់ឡើយថា តើចំណុចនេះជាគោលនយោបាយរបស់រដ្ឋាភិបាលជាក់ស្តែង ឬយ៉ាងណា។
គំនិត 'ទីក្រុងមនុស្សធម៌នៅ Rafah' នេះត្រូវលើកឡើងដោយលោករដ្ឋមន្ត្រីការពារជាតិ Israel Katz កាលពីដើមខែនេះ ហើយលោក Netanyahu បានកោះប្រជុំរដ្ឋមន្ត្រី និងមន្ត្រីការពារជាតិ ដើម្បីពិភាក្សាគ្នា ប៉ុន្តែការខ្វែងគំនិតនៅតែមិនធូរស្រាល។ លោក Katz និយាយថា លោកបញ្ជាឱ្យកងទ័ពរៀបចំផែនការបង្កើតជំរំមួយ ដែលនៅពេលដំបូងមនុស្ស ៦០ម៉ឺននាក់នឹងផ្លាស់ទៅនៅទីនោះ ហើយនៅទីបំផុត នឹងដាក់ប្រជាជនទាំងមូលរបស់ហ្កាហ្សា៕

