អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកដែនដីប៉ាឡេស្ទីន បាននិយាយថា វាដល់ពេលហើយសម្រាប់ប្រទេសនានានៅជុំវិញពិភពលោក ចាត់វិធានការជាក់ស្តែងដើម្បីបញ្ឈប់ «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោកស្រី Francesca Albanese បាននិយាយទៅកាន់គណៈប្រតិភូមកពីប្រទេសចំនួន៣០ ដែលជួបប្រជុំគ្នានៅរដ្ឋធានី Bogota របស់ប្រទេសកូឡុំប៊ីកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែល និងវិធីដែលប្រទេសនានាអាចព្យាយាមបញ្ឈប់ការវាយលុកនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។
ប្រទេសជាច្រើនដែលបានមកចូលរួម បានពណ៌នាសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថាជាអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សជាង៥៨.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកកាលពីខែតុលា ឆ្នាំ២០២៣។ កងកម្លាំងអ៊ីស្រាអែល បានបិទផ្លូវនៅដែនដីនេះក្នុងពេលសង្គ្រាម ដោយជំរុញឲ្យប្រជាជនចំនួន ២,៣ លាននាក់នៅតំបន់ហ្កាហ្សាធ្លាក់ចូលដល់មាត់ជ្រោះនៃភាពស្រេកឃ្លាន។
លោកស្រី Albanese បាននិយាយថា «រដ្ឋនីមួយៗត្រូវតែពិនិត្យឡើងវិញភ្លាមៗ ហើយផ្អាកទំនាក់ទំនងទាំងអស់ជាមួយរដ្ឋអ៊ីស្រាអែល និងធានាបានថាផ្នែកឯកជនរបស់ខ្លួនក៏ធ្វើដូចគ្នានេះដែរ»។
សន្និសីទរយៈពេលពីរថ្ងៃដែលរៀបចំដោយប្រទេសកូឡុំប៊ី និងអាហ្រ្វិកខាងត្បូង ត្រូវបានចូលរួមភាគច្រើនដោយប្រទេសកំពុងអភិវឌ្ឍន៍ ។