រលកកម្ដៅដ៏ខ្លាំងក្លាបានគ្របដណ្ដប់លើតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ដោយធ្វើឱ្យវិបត្តិមនុស្សធម៌ និងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរឡើងមួយកម្រិតទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួនជាង ១,៧លាននាក់ ដែលកំពុងជួបការលំបាកជាមួយនឹងកង្វះខាតធ្ងន់ធ្ងរនៃការផ្គត់ផ្គង់មូលដ្ឋាន ស្បៀងអាហារ ទឹក អនាម័យ និងការថែទាំវេជ្ជសាស្រ្តរួចទៅហើយ។

បុគ្គលិកពេទ្យនៅហ្កាហ្សា បានរាយការណ៍ពីភាពយ៉ាប់យ៉ឺនកាន់តែគួរឱ្យព្រួយបារម្ភនៅលើស្ថានភាពអ្នកជំងឺ ខណៈដែលសីតុណ្ហភាពខ្ពស់បានគ្របដណ្ដប់ជម្រកតង់បណ្ដោះអាសន្ន ដែលមានក្រុមគ្រួសារជនភៀសខ្លួនស្នាក់នៅច្រើនក្រាស់ក្រែល ស្របពេលវិបត្តិខ្វះខាតទឹក និងប្រេងឥន្ធនៈ។
ស្ថានភាពធ្ងន់ធ្ងរបែបនេះកាន់តែមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកជំងឺរាប់ពាន់នាក់ ដែលត្រូវការការព្យាបាលរបួសរលាកពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។ វេជ្ជបណ្ឌិតហ្កាហ្សាម្នាក់ឈ្មោះ Haya Salman បាននិយាយថា កម្ដៅនារដូវក្តៅពន្យារការព្យាបាលរបួស ដោយសារសីតុណ្ហភាពក្ដៅខ្លាំងធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរឡើង ខណៈកម្ដៅ និងសំណើមបណ្តាលឱ្យបែកញើស ដែលបង្កើនល្បឿននៃការលូតលាស់បាក់តេរី ដែលពន្យារពេលការស្តារឡើងវិញនៃរបួស។
ក្រុមវេជ្ជបណ្ឌិតហ្កាហ្សាបាននិយាយថា អ្នកជំងឺមានរបួសរលាក ដែលគ្របដណ្ដប់លើរាងកាយ ៧០% អាចមានអត្រារស់រានមានជីវិតលើសពី ៥០% ប៉ុន្តែតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលសង្រ្គាមដោយសារតែខ្វះបន្ទប់វះកាត់ឯកទេស ឱសថ និងតម្រូវការក្នុងការផ្តល់អាទិភាពដល់អ្នកជំងឺ បូករួមនឹងស្ថានភាពអាកាសធាតុកាន់តែយ៉ាប់យ៉ឺននាពេលបច្ចុប្បន្ន៕

