ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកម៉ោងនៅរដ្ឋធានីណៃពិដោរ ត្រូវនឹងម៉ោង៩និង៥៥នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧មករា សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ ។
វត្តមាននៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណៃពិដោរ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
នៅអាកាសយានដ្ឋានណៃពិដោរនោះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋបាលរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
អំណោយមនុស្សធម៌ទាំង៩មុខនោះរួមមាន៖ ១-ម៉ាស ចំនួន ៣លាន ២-ម៉ាស N95 ចំនួន ២០០ពាន់ ៣-វ៉ែនតាការពារ ចំនួន ១០០ពាន់ ៤-សំលៀកបំពាក់សុវត្ថិភាព ចំនួន ៣០ពាន់ ៥-របាំងការពារមុខ ចំនួន ៣០ពាន់ ៦-ស្បែកជើងកវែង ចំនួន ៣ពាន់ ៧-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ៥០គ្រឿង ៨-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៥០គ្រឿង និង៩-ម៉ាស៊ីនផលិតអ៊ុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។
ពិធីប្រគល-ទទួលអំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះរដ្ឋបាលរដ្ឋ និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ត្រូវបានប្រារព្ធធ្វើឡើងរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាចំនួន ២លើករួចមកហើយ ។
តាមកម្មវិធីដែលបានគ្រោងទុក សំរាប់ដំណើរបំពេញទស្សនកិច្ចការងារនេះសម្តេចតេជោ នឹងអញ្ជើញជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាវេលារសៀលថ្ងៃទី៧មករា នៅឯទីស្តីការក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងរដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ចំពោះព័ត៌មានពិស្តារ នៃជំនួបកំពូលរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានោះ ទូរទស្សន៍BTVនឹងជំរាបជូន នៅក្រោយបញ្ចប់ជំនួបកំពូលជាបន្តបន្ទាប់ទៀត៕