មនុស្សរាប់សិបនាក់ បានចេញតវ៉ាចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់កាលពីថ្ងៃអង្គារ នៅទីក្រុង Torre Pacheco របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបួនយប់រវាងជនអន្តោប្រវេសន៍អាហ្វ្រិកខាងជើង និងក្រុមស្តាំនិយមជ្រុល ក្នុងភាពវឹកវរដ៏អាក្រក់បំផុតនៅក្នុងប្រទេសនាពេលថ្មីៗនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលតំបន់បាននិយាយថា នៅពេលដែលក្រុមស្តាំនិយមជ្រុល បានអំពាវនាវឱ្យមានការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍កាលពីថ្ងៃអង្គារ មន្ត្រីឆ្មាំស៊ីវិលជាង១២០នាក់ត្រូវបានគេដាក់ពង្រាយដើម្បីរក្សាសន្តិសុខនៅក្នុងទីក្រុង។ រហូតមកដល់ពេលនេះ នគរបាលបានឃុំខ្លួនមនុស្សយ៉ាងហោចណាស់១៤ នាក់ ជុំវិញការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីការវាយដំទៅលើបុរសក្នុងតំបន់ម្នាក់មានអាយុ៦០ឆ្នាំ។

អាជ្ញាធរបាននិយាយថា ពលរដ្ឋម៉ារ៉ុកបីនាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានចាប់ខ្លួន ក្នុងនោះមានបុរសអាយុ១៩ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាជាមេខ្លោងក្នុងការប្រព្រឹត្ត។ បុរសរូបនេះត្រូវបានឃុំខ្លួនកាលពីល្ងាចថ្ងៃចន្ទនៅភាគខាងជើងប្រទេសអេស្ប៉ាញពីបទវាយដំ។