ស្វាយរៀង៖ ព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២២ នាឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវា៧មករា ក្នុងនាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន២៥៣នាក់ នៅសង្កាត់ច្រកម្ទេសក្រុងបាវិត និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សក្រុងគណបក្សសង្កាត់សាខាគណបក្សភូមិទាំង ១៥និងយុវជនដែលមានអ្នកចូលរួមសរុបចំនួន៣២៨នាក់ ។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស , លោក លឹម សៀងហេង ប្រធានគណបក្សក្រុងអនុប្រធាន សមាជិកសមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ។
ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង២៥៣នាក់ ក៏ដូចជាសមាជិកគណបក្សដទៃដែលស្ម័គ្រចិត្តចូលរួមជីវភាពមហាគ្រួសារ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះគណក្សប្រជាជនកម្ពុជាបានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បាន បង្កើតជីវិតថ្មីជូនប្រជាពលរដ្ឋកម្ពុជា ។
ឯកឧត្តម បានញ្ជាក់ន្ថែម ទិវា៧មករា មិនត្រឹមតែជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះទេគឺជា សមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា យើងទាំងអស់គ្នាក្នុងការផ្តល់នូវផ្ទះសន្តិភាពសិទ្ធិរស់រានមាន ជីវិតនិងការទទួលបាននូវការអភិវឌ្ឍគ្រប់ៗគ្នា ហើយស្មារតី៧មករានៅតែបន្តស្ថិតស្ថេរគង់វង្ស ក្នុងក្រអៅបេះដូងជនរួមជាតិកម្ពុជា ។
គណបក្សប្រជាជនកម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិនិងមាតុភូមិព្រមទាំងធ្វើឱ្យប្រទេសជាតិមានកិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
គោលបំណងរបស់គណបក្សប្រជាជនកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អប្រសើរគឺជាគោលដៅគណបក្សប្រជាជនកម្ពុជា ។
គណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។
ឯកឧត្តម លី ធុជ បានចាត់ទុកសមាជិកបក្សដែលទើបប្រកាសបញ្ចូលជាសមាជិកថ្មី ក៏ដូចជា សមាជិកបក្សប្រជាជនទូទាំងសង្កាត់ ទាំងមូល គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម បានណែនាំឲ្យសមាជិកគណបក្សទាំងអស់ត្រូវបន្តខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាមកម្មវិធីគោលនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស៕








