សមាជិកអភិរក្សនិយមមួយចំនួននៃចលនា "ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត" ហៅកាត់ថា MAGA ក្នុងគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះផែនការលក់សព្វាវុធរបស់ប្រធានាធិបតីរូបនេះទៅឱ្យសម្ព័ន្ធយោធាណាតូ រួចផ្ទេរទៅឱ្យអ៊ុយក្រែន ដោយចាត់ទុកថា ជំហាននេះជាការក្បត់សន្យារបស់លោកក្នុងការបញ្ចប់ការចូលរួមរបស់អាមេរិកក្នុងសង្គ្រាមបរទេស។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Trump បាននិយាយថា លោកនឹងបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយថែមទាំងគំរាមកំហែងដល់រុស្ស៊ី ជាមួយនឹងពន្ធធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃទេនោះ។
សមាជិកសភាមកពីបក្សសាធារណរដ្ឋ លោកស្រី Taylor Greene ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Trump និងអតីតអ្នកយុទ្ធសាស្ត្ររបស់លោក Trump គឺលោក Steve Bannon បានស្ថិតក្នុងចំណោមអ្នករិះគន់ការសម្រេចចិត្តនេះខ្លាំងជាងគេ ដោយនិយាយថា សង្រ្គាមអ៊ុយក្រែនគឺជា "សង្រ្គាមអឺរ៉ុប" ប៉ុណ្ណោះ មិនពាក់ព័ន្ធអ្វីនឹងអាមេរិកនោះទេ។
សេតវិមានបានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងជាអ្នកចំណាយសម្រាប់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកទាំងនោះ ចំណែកលោក Trump ក៏បានព្យាយាមបញ្ជាក់ថា អាវុធទាំងនោះនឹងក្លាយជាការទិញលក់ មិនមែនជាជំនួយដោយផ្ទាល់ឡើយ៕

