ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (១៥ កក្កដា) បានច្រានចោល "ឱសានវាទ" របស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យទីក្រុងមូស្គូ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងពេល ៥០ថ្ងៃ ដោយនិយាយថា ការគំរាមនេះ "មិនអាចទទួលយកបានឡើយ" ដោយអំពាវនាវឱ្យបន្តការចរចា និងទទូចថា ប្រតិបត្តិការយោធាដែលបញ្ជាដោយលោកប្រធានាធិបតី Vladimir Putin នឹងបន្តរហូតដល់គោលដៅរបស់ខ្លួនបានសម្រេច។

ជាការឆ្លើយតបទៅនឹងការគំរាមរបស់លោក Trump ក្នុងការដាក់ពន្ធបន្ទាប់បន្សំ ១០០% លើប្រទេសដែលធ្វើអាជីវកម្មជាមួយទីក្រុងមូស្គូ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov បាននិយាយកាលពីថ្ងៃអង្គារថា "ការប៉ុនប៉ងណាមួយដើម្បីធ្វើការទាមទារ ជាពិសេសឱសានវាទ គឺមិនអាចទទួលយកបានសោះឡើយ" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។
ដោយឡែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការប្រកាសរបស់លោក Trump នោះថា "ម៉ឺងម៉ាត់ណាស់" ។ ចំណែកអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជិតស្និទ្ធនឹងមេដឹកនាំវិមានក្រឹមឡាំង បានហៅការលើកឡើងរបស់លោក Trump ថាជា "ឱសានវាទឆាកល្ខោន" នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា "រុស្ស៊ីមិនខ្វល់នោះទេ"។
គួរឱ្យដឹងថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Trump បាននិយាយថា លោកនឹងបញ្ជូនសព្វាវុធកាន់តែច្រើនទៅឱ្យអ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយថែមទាំងគំរាមកំហែងដល់រុស្ស៊ី ជាមួយនឹងពន្ធធ្ងន់ធ្ងរ និងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមិនសម្រេចបានក្នុងរយៈពេល ៥០ថ្ងៃទេនោះ៕

