ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារ (១៥ កក្កដា) បានប្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកទាំង១០ របស់អង្គការសហប្រតិបត្តិការសៀងហៃ SCO ថា ក្រុមនេះគួរតែកែលម្អយន្តការរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខ និងកសាងរបាំងសន្តិសុខដ៏រឹងមាំមួយ។

លោក Xi បានលើកឡើងថា ក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការបង្កើតឡើងមក អង្គការ SCO តែងតែគាំទ្រដល់គោលការណ៍របស់ក្រុម រីកចម្រើនលូតលាស់ទៅជាអង្គការដែលមានភាពចាស់ទុំ និងរឹងមាំ និងបង្ហាញពីភាពសកម្មយ៉ាងខ្លាំងក្លា។
លោកបានសង្កត់ធ្ងន់ថា នៅចំពោះមុខភាពចលាចល និងការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិ SCO ត្រូវតែផ្តោតការយកចិត្តទុកដាក់ និងមានទំនុកចិត្ត ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងដើរតួនាទីសកម្មបន្ថែមទៀតក្នុងការចាក់បញ្ចូលស្ថេរភាព និងថាមពលវិជ្ជមានកាន់តែច្រើនទៅកាន់ពិភពលោក។
សេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីកិច្ចប្រជុំនេះបានដកស្រង់សម្តីរបស់លោក Xi ថា SCO គួរតែកែលម្អយន្តការដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងបញ្ហាប្រឈមនានា កសាងរបាំងសន្តិសុខដ៏រឹងមាំ និងបំពេញតាមការរំពឹងទុករបស់សាធារណជនសម្រាប់សន្តិភាព និងស្ថិរភាពសកល។
គួរឱ្យដឹងថា អង្គការសហប្រតិបត្តិការសៀងហៃ SCO នេះគឺជាក្រុមសន្តិសុខ និងនយោបាយអាស៊ីអឺរ៉ុប បង្កើតឡើងនៅឆ្នាំ២០០១ ដែលបច្ចុប្បន្នមានសមាជិកចំនួន១០ រួមមាន ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារុស៕

