សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះផែនការរបស់អ៊ីស្រាអែលគ្រោង ក្នុងការបង្ខាំងប្រជាជនប៉ាឡេស្ទីនឲ្យនៅក្នុង «ទីក្រុងមនុស្សធម៌» នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធអារ៉ាប់ បានអះអាងថា ផែនការនេះ «មិនទាក់ទងនឹងភាពស៊ីវិល័យ ឬគោលការណ៍មនុស្សធម៌ទេ» ដោយសង្កត់ធ្ងន់ថា សំណើនេះ បង្ហាញពី«ការថយចុះយ៉ាងពិតប្រាកដនៃការគ្រប់គ្រងតំបន់នេះ»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ផែនការនេះ បានលាតត្រដាងពីចេតនារបស់អ៊ីស្រាអែល ក្នុងការបន្ត «ការបោសសម្អាតជនជាតិភាគតិច» គ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញ និងអាចត្រួសត្រាយផ្លូវសម្រាប់ការតាំងទីលំនៅ។

អង្គការនៃបណ្តារដ្ឋអារ៉ាប់ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យប្រឆាំងជាដាច់ខាតនឹង«គ្រោងការណ៍អមនុស្សធម៌» ដោយសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅដើមខែនេះថា លោកបានណែនាំដល់កងកម្លាំងការពារអ៊ីស្រាអែល និងក្រសួងរបស់លោកឲ្យរៀបចំផែនការមួយ ដើម្បីបង្កើត «ទីក្រុងមនុស្សធម៌» ថ្មីមួយ នៅក្នុងទីក្រុង Rafah ដែលត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងហើយនោះ។
យោងតាមលោក Katz ជនជាតិប៉ាឡេស្ទីនចំនួន ៦០០.000នាក់ដំបូង ដែលរស់នៅក្នុងតំបន់ឆ្នេរ al-Mawasi នឹងត្រូវបានផ្ទេរទៅកាន់ទីក្រុង Rafah ក្នុងរយៈពេល ៦០ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។ ប្រជាជនស៊ីវិលទាំងអស់នៃតំបន់ហ្កាហ្សា ជាង ២លាននាក់ នៅទីបំផុត នឹងត្រូវផ្លាស់ទីលំនៅ ទៅទីក្រុងភាគខាងត្បូងនេះ។