ក្រុមហ៊ួទីនៅប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ បានអះអាងទទួលខុសត្រូវចំពោះការបើកការវាយប្រហារដោយយានដ្រូន ចំនួន ៣គ្រឿង ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយមួយគ្រឿងបានកំណត់គោលដៅលើកំពង់ផែ Eilat និងពីរគ្រឿងផ្សេងទៀត បានវាយប្រហារទៅលើ «គោលដៅយោធា» នៅក្នុងតំបន់ Negev ។

អ្នកនាំពាក្យយោធាក្រុមហ៊ួទី លោក Yahya Sarea បាននិយាយថា ក្រុមឧទ្ទាមនេះ នឹងបន្តបាញ់មីស៊ីល និងការវាយប្រហារដោយយានដ្រូនទៅកាន់ប្រទេសអ៊ីស្រាអែល រហូតដល់ «ការឈ្លានពានលើតំបន់ហ្កា ហ្សាត្រូវបញ្ចប់ ហើយការបិទផ្លូវជំនួយមនុស្សធម៌ ត្រូវបានដកចេញទាំងស្រុង»។

កាលពីព្រឹកថ្ងៃអង្គារ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនដែលបានវាយប្រហារដោយក្រុមហ៊ួទី ទៅលើទីក្រុង Eilat នៅសមុទ្រក្រហម ។ ពុំមានរបាយការណ៍ពីអ្នកស្លាប់និងរបួស ឬការខូចខាត ដោយសារការវាយប្រហារនោះទេ។ ទន្ទឹមនឹងនេះ មិនទាន់មានរបាយការណ៍ផ្លូវការរបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហ៊ួទីទៅលើទីក្រុង Negev ភាគខាងត្បូងអ៊ីស្រាអែលនោះទេ។
កងកម្លាំងហ៊ួទី បានវាយប្រហារដោយមីស៊ីល និងយានដ្រូនរាប់សិបគ្រឿង ទៅលើប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣ ដោយលើកឡើងពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ មីស៊ីលភាគច្រើន ត្រូវបានស្ទាក់ចាប់ ឬបានខកខានគោលដៅរបស់ពួកវាទេ។ ជាការឆ្លើយតប អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្នុងប្រទេសយេម៉ែន។