អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយថា ប្រទេសសមាជិកណាតូ មិនចាប់អារម្មណ៍ ក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយសន្តិវិធីនោះទេ។

ដោយបានអត្ថាធិប្បាយអំពីសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) អំពីការប្រគល់សព្វាវុធ ដែលបានគ្រោងទុកទៅកាន់ប្រទេសអ៊ុយក្រែន ដោយការចំណាយថវិកាជាបន្ទុករបស់បណ្តាប្រទេសនៅអឺរ៉ុប លោកបាននិយាយថា៖«នេះគឺជាសញ្ញាមួយផ្សេងទៀត ដែលថា បណ្តាប្រទេសសមាជិកណាតូ ពិតជាមិនមានចំណាប់អារម្មណ៍ទៅលើសន្តិភាពទេ»។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានលើកឡើងអំពីការថ្លែងរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពីផែនការនានា ដើម្បីធ្វើឲ្យអ៊ុយក្រែន «កាន់តែគ្រោះថ្នាក់» ។ ក្នុងន័យនេះ លោក Grushko បានពន្យល់ថា គោលដៅនេះ ក៏«ធ្វើឲ្យអ៊ុយក្រែនបន្តការប្រយុទ្ធតទៅទៀត»។