ប្រធានតុលាការខេត្ត Hormozgan បានថ្លែងនៅថ្ងៃពុធនេះថា នាវាដឹកប្រេងបរទេសមួយគ្រឿងត្រូវបានរឹបអូសដោយប្រទេសអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ដោយសាររត់ពន្ធប្រេងចំនួន ២ លានលីត្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។
យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រធានតុលាការខេត្ត Hormozgan លោក Mojtaba Ghahremani បាននិយាយថា៖«ក្នុងអំឡុងពេលដំណើរការបន្តនៃការត្រួតពិនិត្យ និងតាមដានចលនា រត់ពន្ធឥន្ធនៈដែលគួរឲ្យសង្ស័យនៅឈូងសមុទ្រអូម៉ង់ មន្រ្តីបានត្រួតពិនិត្យកនាវាដឹកប្រេងបរទេស ដោយសារកង្វះឯកសារផ្លូវច្បាប់ទាក់ទងនឹងទំនិញរបស់ខ្លួន ហើយបានរឹបអូសនាវានេះ ដោយចោទប្រកាន់ពីបទដឹកប្រេងរត់ពន្ធចំនួន ២លានលីត្រ»។

មន្ត្រីតុលាការរូបនេះ បានបន្ថែមថា សមាជិកនាវិក ១៧នាក់ ត្រូវបានចាប់ខ្លួន ហើយសំណុំរឿងតុលាការមួយ ត្រូវបានបើកឡើង នៅការិយាល័យរដ្ឋអាជ្ញា នៅតំបន់Jask។
ពុំមានព័ត៌មានបន្ថែមអំពីឈ្មោះនាវាដឹកប្រេង ឬទង់ជាតិដែលនាវានេះ ត្រូវបានចុះបញ្ជីនោះទេ។
អ៊ីរ៉ង់ ដែលមានតម្លៃប្រេងឥន្ធនៈទាបបំផុតលើពិភពលោក ដោយសារតែការឧបត្ថម្ភធនច្រើន និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធប្រេងដ៏ច្រើនសន្ធឹកសន្ធាប់តាមផ្លូវគោកទៅកាន់ប្រទេសជិតខាង និងតាមសមុទ្រទៅកាន់រដ្ឋឈូងសមុទ្រអារ៉ាប់។
