ឱសានវាទរយៈពេល ៥០ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះរុស្ស៊ី ដើម្បីឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើការនាំចេញថាមពលរបស់ខ្លួន បានផ្តល់ពេលវេលាបន្ថែមទៀតដល់វិមានក្រឹមឡាំង ដើម្បីបន្តការវាយលុក នៅរដូវក្តៅ។ តែយ៉ាងណាក្តី ការតស៊ូដ៏រឹងមាំរបស់អ៊ុយក្រែន ធ្វើឲ្យយោធារុស្ស៊ីទំនងជានឹងមិនអាចមានប្រៀបលឿនរហ័សបាននោះឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ គួរតែឃើញអ៊ុយក្រែនដកចេញពីតំបន់ទាំង៤ ដែលរុស្ស៊ីបានបញ្ចូលដោយខុសច្បាប់ជាដែនដីឧបសម្ព័ន្ធ កាលពីខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែមិនបានគ្រប់គ្រងទាំងស្រុងនោះឡើយ។ ហើយលោកក៏ចង់ឲ្យអ៊ុយក្រែនបោះបង់ការប៉ុនប៉ងរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ (NATO) និងទទួលយកដែនកំណត់ដ៏តឹងរឹងលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ជាការទាមទារដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិច បានច្រានចោល។

កង្វះខាតកម្លាំងមនុស្ស និងគ្រាប់រំសេវរ៉ាំរ៉ៃ បានបង្ខំឲ្យកងកម្លាំងអ៊ុយក្រែនផ្តោតលើការកាន់កាប់ដែនដីជាជាងការបើកការវាយលុកបកវិញ។ ប៉ុន្តែទោះបីជាមានការវាយលុកយ៉ាងសន្ធាប់ជាថ្មីពីរុស្សី ដោយវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីក្រុងគីវ និងទីក្រុងផ្សេងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏មន្ត្រីអ៊ុយក្រែន និងអ្នកវិភាគ លើកឡើងថា វានៅតែមិនទំនងនោះឡើយដែលទីក្រុងមូស្គូអាចសម្រេចបាននូវជោគជ័យដ៏ធំណាមួយ ក្នុងរយៈពេល ៥០ថ្ងៃ ពោលគឺជាអ្វីដែលបង្ខំអ៊ុយក្រែនឲ្យទទួលយកលក្ខខណ្ឌរបស់វិមានក្រឹមឡាំង នៅពេលណាមួយឆាប់ៗនេះ។
ចាប់តាំងពីនិទាឃរដូវមក ទាហានរុស្ស៊ីបាននិងកំពុងដណ្តើមយកដែនដីបន្ថែមទៀត នៅភាគខាងកើតអ៊ុយក្រែនបន្តិចម្តងៗ ជាចំនួនច្រើនបំផុតដែលពួកគេបានកាន់កាប់ចាប់តាំងពីដើមដំបូងនៃការលុកលុយឆ្នាំ២០២២។ ឥឡូវនេះ ពួកគេកាន់តែខិតទៅជិតទីក្រុងសំខាន់ៗចំនួន ២ គឺ Pokrovsk និង Kostyantynivka ក្នុងតំបន់ Donetsk។ ដោយការវាយដណ្ដើមកាន់កាប់ភូមិក្បែរៗនោះជាលំដាប់ ពួកគេកំពុងព្យាយាមកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់របស់អ៊ុយក្រែន ហើយឡោមព័ទ្ធកងកម្លាំងការពារ។ នេះជាការវាយលុកយឺតៗ និងរុលទៅមុខជាលំដាប់ ដែលមានរយៈពេលជាច្រើនខែមកហើយ៕


