នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ បាននិយាយថា ការត្រួរតពិនិត្យលើការវិនិយោគបរទេសរបស់រដ្ឋាភិបាលរបស់លោក មិនមានបំណងសំដៅលើប្រទេសណាជាក់លាក់នោះឡើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានលើកឡើងពី «បញ្ហា» ដែលក្រុមហ៊ុនចិនប្រឈមជាមួយ ពេលស្វែងរកលទ្ធភាពចូលទៅវិនិយោគក្នុងប្រទេសអូស្ត្រាលី។
នៅថ្ងៃទី ៥ នៃដំណើរទស្សនកិច្ច នៅប្រទេសចិន ដែលមេដឹកនាំអូស្ត្រាលី កំពុងធ្វើឲ្យមានតុល្យភាពទាំងផ្នែកពាណិជ្ជកម្ម និងសន្តិសុខនោះ លោក Albanese បានទៅទស្សនាមហាកំពែងចិន ដើម្បីប្រៀបធៀបជាមួយអតីតនាយករដ្ឋមន្ត្រី លោក Gough Whitlam ដែលបានដើរលើមហាកំពែងនេះ ក្នុងឆ្នាំ១៩៧១ ដោយបើកការសន្ទនាជាមួយប្រទេសចិនគ្រប់គ្រងដោយរបបកុម្មុយនីស្ត មុនពេលសម្ព័ន្ធមិត្តរបស់អូស្ត្រាលី គឺសហរដ្ឋអាមេរិក បានធ្វើដូច្នេះដែរ។

អំឡុងដំណើរទស្សនកិច្ចនៅថ្ងៃទី១៦ ខែកក្កដានេះ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ការវិនិយោគពីបរទេសមិនត្រូវបានមើលលើមូលដ្ឋាននៃប្រទេសណាមួយឡើយ ប៉ុន្តែផ្អែកលើការវាយតម្លៃគោលបំណងនៃផលប្រយោជន៍ជាតិរបស់យើង»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua បានរាយការណ៍ពីរបាយការណ៍នៃកិច្ចប្រជុំថា នៅឯកិច្ចប្រជុំតុមូលមួយរបស់នាយកប្រតិបត្តិក្រុមហ៊ុនចិន និងអូស្ត្រាលី កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា លោក Li បានលើកឡើងថា លោកសង្ឃឹមថា ប្រទេសអូស្ត្រាលីនឹង «ដោះស្រាយបញ្ហាដែលសហគ្រាសជួបប្រទះ ទាក់ទងនឹងការទទួលបានលទ្ធភាពចូលទីផ្សារ និងការត្រួតពិនិត្យការវិនិយោគ»។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានរារាំងការវិនិយោគរបស់ចិនមួយចំនួន នៅក្នុងវិស័យរ៉ែសំខាន់ៗ ហើយបណ្ដានាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់សារព័ត៌មាន Reuters ថា ការត្រួតពិនិត្យសុវត្ថិភាពនៃថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏បានបង្កើនផងដែរ៕
