រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) បាននិយាយថា គម្រោងរបស់ក្រុមហ៊ុន Nvidia ក្នុងការចាប់ផ្ដើមលក់ឡើងវិញនូវបន្ទះឈីប H20 AI ទៅប្រទេសចិន គឺជាផ្នែកមួយនៃការចរចារបស់សហរដ្ឋអាមេរិក ស្ដីពីរ៉ែកម្រ ហើយដំណឹងនេះកើតឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បានជួបជាមួយលោកលោកប្រធានាធិបតី Donald Trump។
ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលលោក Trump បានធ្វើដើម្បីចាប់ផ្តើមឡើងវិញនូវការនាំចេញរ៉ែកម្រទៅកាន់ក្រុមហ៊ុនផលិតអាមេរិក លោក Lutnick បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងបញ្ចូលវាទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមេដែក»។ តែយ៉ាងណាក្ដី លោករដ្ឋមន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Nvidia បានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ខ្លួនកំពុងដាក់សំណើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្នើសុំឲ្យអនុញ្ញាតចាប់ផ្ដើមការលក់ឡើងវិញទៅប្រទេសចិននូវបន្ទះឈីប H20 របស់ខ្លួន ហើយត្រូវបានធានាដោយសហរដ្ឋអាមេរិកថា ក្រុមហ៊ុននឹងទទួលបាននូវអាជ្ញាប័ណ្ណក្នុងពេលឆាប់ៗនេះ។
គម្រោងចាប់ផ្ដើមលក់ឡើងវិញនេះ គឺជាការកែប្រែនូវការរឹតបន្តឹងការនាំចេញដែលត្រូវបានដាក់កាលពីខែមេសា ជាវិធានការដែលត្រូវបានបង្កើតឡើង ដើម្បីការពារបន្ទះឈីប AI កម្រិតខ្ពស់បំផុតកុំឲ្យធ្លាក់ចូលទៅក្នុងដៃរបស់ចិន ដោយសារមានកង្វល់ផ្នែកសន្តិសុខជាតិ៕
