ក្រសួងការបរទេសស៊ីរី បាននិយាយថា ប្រទេសនេះ មានសិទ្ធិស្របច្បាប់ ក្នុងការការពារខ្លួន បន្ទាប់ពីយន្តហោះអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារខេត្ត Al-Suwayda នៅភាគខាងត្បូងនៃសាធារណរដ្ឋអារ៉ាប់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន៖«នៅចំពោះមុខការឈ្លានពានដ៏គ្រោះថ្នាក់បំផុតពីអ៊ីស្រាអែល ស៊ីរីបញ្ជាក់ថា ខ្លួនមានសិទ្ធិស្របច្បាប់ ក្នុងការការពារខ្លួន និងការពារទឹកដី និងប្រជាជនរបស់ខ្លួន តាមគ្រប់មធ្យោបាយដែលផ្តល់ដោយច្បាប់អន្តរជាតិ»។ ក្រសួងបានបន្ថែមថា ទីក្រុងដាម៉ាស (Damascus) «ការពារប្រជាជនស៊ីរីទាំងអស់ដោយគ្មានករណីលើកលែង ជាពិសេសសមាជិកនៃសហគមន៍ Druze»។

ក្រសួងការបរទេសស៊ីរី បានអំពាវនាវដល់ប្រជាជន នៅក្នុងទីក្រុង Al-Suwayda ឲ្យ«ប្រមូលផ្តុំគ្នាជុំវិញកងទ័ពស៊ីរី និងកុំចូលរួមក្នុងគម្រោងគួរឲ្យសង្ស័យណាមួយ» ដោយមិនបានបញ្ជាក់ពីគម្រោងដែលខ្លួនចង់និយាយនោះទេ។
កាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានវាយប្រហារទីតាំងឈរជើងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី និងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ នៅក្នុងខេត្ត Al-Suwayda និង Deraa នៅភាគខាងត្បូងនៃប្រទេសនេះ ដោយគ្រាប់ រ៉ូកែតយ៉ាងហោចណាស់ ៤លើក។
