អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពនៅជ្រលងភ្នំ Jordan ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរី មានបំណងរក្សាតំបន់ភាគនិរតីស៊ីរីជាតំបន់គ្មានកងទ័ព ហើយនិងការពារជនជាតិភាគតិច Druze ។
នៅក្នុងសេចក្តីថ្លែងការណ៍លើកញ្ចក់ទូរទស្សន៍ លោក Netanyahu និយាយផងដែរថា វិធានការរបស់អ៊ីស្រាអែល គឺជាប្រតិបត្តិការដ៏ខ្លាំងក្លា ។
លោកបន្តថា លោកសង្ឃឹមថា ពួកយើងនឹងមិនបន្តប្រតិបត្តិការបន្ថែមទៀតនោះទេ ដោយអាស្រ័យលើទំហំការងារដែលពួកយើងសម្រេចបាន និងអ្វីដែលមិនសម្រេចបាននៅទីក្រុងដាម៉ាស់ ។
អ៊ីស្រាអែល បានបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅតំបន់ភាគនិរតីប្រទេស សម្រាប់ថ្ងៃទី ២ កាលពីថ្ងៃអង្គារ ។

ក្រសួងការបរទេសស៊ីរី និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារចុងក្រោយរបស់ពួកគេលើតំបន់ភាគខាងត្បូងស៊ីរី ហើយនិងផលវិបាកដែលបានកើតឡើង ។
ពួកគេនិយាយថា ពួកយើងចង់ការពារពលរដ្ឋស៊ីរី ដោយគ្មានការលើកលែងសម្បីម្នាក់ រួមទាំងជនជាតិភាគតិច Druze ផងដែរ ។
ការកើនឡើងអំពើហិង្សានៅទីក្រុង Sweida ភាគច្រើនជាជនជាតិភាគតិច Druze គូសបញ្ជាក់ពីការលំបាកត្រូវប្រឈមថ្មី សម្រាប់លោកប្រធានាធិបតីស្តីទី Ahmed al-Sharaa ដែលពិបាកគ្រប់គ្រងតំបន់ជិតព្រំដែនអ៊ីស្រាអែល ចាប់តាំងពីផ្តួលរំលំលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤ ៕
