តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ ធៀបនឹងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប (EU) និងប្រាក់យ៉េនរបស់ជប៉ុន អំឡុងការជួញដូរ នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ជាច្រើនសប្តាហ៍ រហូតដល់មួយថ្ងៃមុននេះ ខណៈទិន្នន័យរបស់សហរដ្ឋអាមេរិក ដែលបានចង្អុលបង្ហាញពីអតិផរណាបង្កឡើងដោយវិធានការពន្ធ កំពុងជំរុញឲ្យវិនិយោគិនកាត់បន្ថយក្ដីរំពឹងរបស់ពួកគេ លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាល (Fed)។

ការឡើងថ្លៃតម្លៃទំនិញជាច្រើនមុខ ដូចជាកាហ្វេ ឧបករណ៍សំឡេង និងគ្រឿងសង្ហារិមក្នុងផ្ទះជាដើម បាននាំឲ្យអត្រាអតិផរណាឡើងខ្ពស់ ក្នុងខែមិថុនា ដោយតម្លៃឡើងខ្លាំង សម្រាប់ទំនិញនាំចូលជាច្រើន»។ ឥឡូវនេះ វិនិយោគិនកំពុងរំពឹងថា Fed នឹងការបន្ថយអត្រាការប្រាក់ប្រហែល ០,៤៤ភាគរយ នៅខែធ្នូ ពោលគឺទម្លាក់ចុះបន្តិចពីកម្រិត ០,៥០ភាគរយ កាលពីដើមសប្តាហ៍។
ធៀបនឹងប្រាក់យ៉េន រូបិយប័ណ្ណរបស់អាមេរិក បានធ្លាក់ចុះ ០,១ភាគរយ ដោយ ១ដុល្លារ ដូរបាន ១៤៨,៦៥យ៉េន បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ៣ខែកន្លះ រហូតដល់តម្លៃ ១៤៩,១៩យ៉េន ក្នុង ១ដុល្លារ។ ចំណែកប្រាក់អឺរ៉ូបានបញ្ចប់ការធ្លាក់ថ្លៃរយៈពេល ៥ថ្ងៃជាប់គ្នា ដោយបានឡើង ០,២០ភាគរយ ពោលគឺ ១,១៦២៥ដុល្លារ ក្នុង ១អឺរ៉ូ។ រីឯប្រាកផោនរបស់អង់គ្លេស បានឡើង ០,១៥ភាគរយ ដោយ ១ផោន ដូរបាន ១,៣៤០៥ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះទាបរយៈពេល ៣សប្តាហ៍ រហូតដល់ ១ថ្ងៃមុននេះ។
តែយ៉ាងណាក្ដី ឥឡូវនេះការផ្តោតអារម្មណ៍របស់ទីផ្សារ គឺទៅលើទិន្នន័យតម្លៃអ្នកផលិតរបស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅយប់ថ្ងៃនេះ ដោយវានឹងជាព័ត៌មានបន្ថែម ដើម្បីបានដឹងថា តើសម្ពាធតម្លៃពិតជាចាប់ផ្តើមឡើងខ្ពស់ ឬយ៉ាងណា៕
