ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរបស់ជនជាតិភាគតិច Druze និងទាហានរដ្ឋាភិបាលស៊ីរី នៅតែបន្តនៅទីក្រុងភាគខាងត្បូង Suwayda ក្នុងនោះបទឈប់បាញ់ដួលរលំ ពេលដែលអ៊ីស្រាអែលបើកការវាយប្រហារបន្ថែមទៀតលើកងកម្លាំងស៊ីរី ហើយនិងបានព្រមានថា ពួកគេនឹងបង្កើនការវាយប្រហារបន្ថែមទៀត ដរាបណាពួកគេដកកងទ័ពចេញវិញ ។
ក្រសួងការពារជាតិស៊ីរី និយាយប្រាប់កាសែត Al Jazeera ថា អំពើហិង្សានិកាយសាសនានៅទីក្រុង Suwaydaដែលភាគច្រើនជាជនជាតិភាគតិច Druze បានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធនេះ បើទោះបីជាមានការប្រកាសបទឈប់បាញ់ដោយរដ្ឋាភិបាលស៊ីរីកាលពីយប់កន្លងទៅក៏ដោយ ។

ក្រសួងបានដាក់ការស្តីបន្ទោសលើក្រុមប្រដាប់អាវុធមួយនេះថា នៅក្រៅសំណាញ់ច្បាប់ សម្រាប់ការបំពានបទឈប់បាញ់ និងការវាយប្រហារលើកងកម្លាំងរដ្ឋភិបាល ។
ថ្លែងពីទីក្រុងដាម៉ាស លោក Osama Bin Javaid គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera និយាយថា បន្ទាប់ពីសេចក្តីប្រកាសបទឈប់បាញ់កាលពីថ្ងៃអង្គារ ស្ថានភាពលែងអាចគ្រប់គ្រងបានម្តងទៀត ។
លោកថា គេមានជំនឿថា មនុស្សយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមកទល់នឹងពេលនេះ ខណៈក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និយាយថា មនុស្ស ជាង ២៥០នាក់ ត្រូវបានសម្លាប់ គិតត្រឹមព្រឹកថ្ងៃពុធនេះ រួមទាំងកុមារ ៤នាក់ ស្រ្តី ៥នាក់ និងទាហាន ហើយនិងកងកម្លាំងសន្តិសុខ ១៣៨នាក់ ៕
