បាល់ទាត់៖ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត បានសហការជាមួយក្រុមហ៊ុនឯកជនមួយបើកដំណើរការសាលាបាល់ទាត់ «ពស់កេងកង» ដើម្បីពង្រឹងមូលដ្ឋានគ្រឹះបាល់ទាត់ដល់យុវជនតាមរយៈការផ្ដោតសំខាន់លើ ២ចំណុចរួមមានវិន័យ និងចិត្ដសាស្ដ្រ។ បុរសត្រូវបានចាត់ទុកជាវីរបុរសបាល់ទាត់កម្ពុជារូបនេះបានបញ្ជាក់ថា បច្ចុប្បន្នសាលាបាល់ទាត់ដែលដាក់ឈ្មោះរហស្សនាមរបស់ខ្លួនគឺ «ពង់កេងកង» បាននឹងកំពុងទទួលពាក្យសិស្សចុះឈ្មោះចូលរួម ដោយលោកបើកទទួលសិស្សអាយុចាប់ពី ១០ឆ្នាំទៅអាយុក្រោម ១៨ឆ្នាំចំនួន ៥០នាក់ប៉ុណ្ណោះក្នុងតម្លៃម្នាក់ ២០ដុល្លារ។
ជាមួយការបើកសាលាបាល់ទាត់នេះដែរ លោកថា គឺជាក្ដីស្រម៉ៃរបស់ខ្លួនបន្ទាប់ពីលោកបានចូលនិវត្តន៍ ដោយលោកចង់រួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ តាមរយៈបទពិសោធន៍របស់ខ្លួនដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះ និងបច្ចេកទេសហ្វឹកហាត់បាល់ទាត់ ពិសេសផ្ដោតលើវិន័យ និងចិត្ដសាស្ដ្រ ដែលជាកត្ដាដ៏សំខាន់ក្នុងបាល់ទាត់ដែលកីឡាករម្នាក់ៗត្រូវមាន។ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត បន្ដថា ចំពោះសិស្សដែលចុះឈ្មោះចូលរួម លោកក៏មិនផ្ដោតសំខាន់លើកាយសម្បទានោះដែរ តែលោកផ្ដោតលើទេពកោសល្យ និងឆន្ទៈខិតខំប្រឹងរបស់ពួកគេ។ លោករំពឹងថា ក្រោយបើកដំណើរការសាលាបាល់ទាត់នេះ នឹងក្លាយជាផ្នែកមួយដើម្បីលើកស្ទួយ និងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជានាថ្ងៃអនាគតកាន់តែរីកចម្រើន។
គួរដឹងថា លោក ប៉ែន ផាត គឺជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងទសវត្សរ៍ទី ៦០ និង ៧០ ហើយលោកគឺជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយស្តេចបាល់ទាត់ពិភពលោក Pele របស់ប្រេស៊ីល។ ផ្អែកលើតិចនិចលេងបាល់ដ៏ល្អ និងពូកែបត់បែននៅលើទីលានយ៉ាងស្ទាត់ជំនាញ លោកក៏ត្រូវបានគេប្រសិទ្ធនាមថា «ពង់កេងកង» តែម្ដង៕
អត្ថបទ៖ លី ឈុនឡា