ស្ថានទូតអាមេរិក នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពជើងទឹកអាមេរិក គ្រោងនឹងសាងសង់កន្លែងជួសជុលនាវាតូចៗចំនួន ២ ដែលនឹងប្រតិបត្តិការនៅភាគខាងលិចប្រទេសហ្វីលីពីន ដោយមួយកន្លែងមានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ នៅភាគខាងកើតនៃតំបន់ថ្មប៉ប្រះទឹក ជាទីដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងក្លា នៅក្នុងសមុទ្រចិនខាងត្បូង។
ដោយមានទីតាំងនៅប្រជុំកោះ Spratly តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal មានកងកម្លាំងរបស់ហ្វីលីពីនប៉ុន្មាននាក់ឈរជើងនៅលើនាវាកងទ័ពជើងទឹកដែលត្រូវបានចតចោល ហើយក៏ជាកន្លែងនៃការប៉ះទង្គិចគ្នាជាមួយនាវារបស់ប្រទេសចិន។

គេហទំព័រចុះកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក Sam.gov កំណត់ទីតាំងមួយ ក្នុងចំណោមទីកន្លែងជួសជុលដែលត្រូវបានស្នើឡើង នៅក្នុងទីក្រុង Quezon ខេត្ត Palawan។
សេចក្តីជូនដំណឹងផ្លូវការ សម្រាប់គម្រោង Quezon បានឲ្យដឹងថា ទីកន្លែងទាំង ២ នេះ «នឹងផ្តល់សមត្ថភាពជួសជុល និងថែទាំ សម្រាប់នាវាជាច្រើនប្រភេទ (របស់ហ្វីលីពីន) ក្នុងនោះរួមទាំងនាវាប្រវែង ៧,៣២ម៉ែត្រ ក៏ដូចជានាវាតូចៗផ្សេងទៀតដែរ»៕
